ភ្នំពេញៈ ជនសង្ស័យ២នាក់ ជាបុគ្គលិកផ្នែកឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ប្រចាំនៅតំបន់ផ្សេងគ្នា ត្រូវបានជនរងគ្រោះជាបុគ្គលិកដូចគ្នាតំណាងឲ្យម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ប្តឹងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ឲ្យចាប់ឃាត់ខ្លួន ពាក់ពន្ធ័នឹងករណី រំលោភលើទំនុកចិត្ត យកលុយសរុបចំនួន៨២,១៤៦,៦០០រៀល ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៥ – ទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ដែលមានទីតាំងនៅផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។
ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួននេះ ទី១មានឈ្មោះ ឆន មៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកផ្នែកឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានជនរងគ្រោះជាតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិន ឈ្មោះ ខេន រតនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្តឹងពីបទ រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៣,៧៥០,០០០រៀល កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ។
ចំណែកជនសង្ស័យទី២ មានឈ្មោះ សៅ ផល្លា ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៩បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ត្រូវបានជនរងគ្រោះឈ្មោះ ខេន រតនា តំណាងឲ្យម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហគ្រិនភាព ប្តឹងពីបទ រំលោភលើទំនុកចិត្ត យកប្រាក់រៀលចំនួន ៧៨,៣៩៦,៦០០រៀល (ចិតសិបប្រាំបីលាន បីរយ កៅសិបប្រាំមួយពាន់ ប្រាំមួយរយរៀល គត់) កាលពីវេលាម៉ោង១០ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ។
សរុបទាំងអស់ជនសង្ស័យទាំង២នាក់នេះ បានរំលោភលើទំនុកចិត្តយកលុយសរុបចំនួន ៨២,១៤៦,៦០០រៀល និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន១ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់