ព័ត៌មានជាតិ

សំណុំរឿង ឆបោករថយន្ត រាប់សិបគ្រឿង ព្រះរាជអាជ្ញារង សឿ ឡងឌី ដោះលែងបុរសម្នាក់ ទុកស្ត្រី២នាក់ ឲ្យចៅក្រមឃុំខ្លួន

ភ្នំពេញៈ យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះថា សំណុំរឿង ឆបោករថយន្ត ជាង៤០គ្រឿង ដែលមាន ជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់នោះឥឡូវនេះ លោកព្រះរាជអាជ្ញារង សឿ ឡងឌី បានដោះលែងម្នាក់ហើយ ដោយចោទប្រកាន់តែស្ត្រី២នាក់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត។

យោងតាមប្រភព ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង សឿ ឡងឌី ដោះលែងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនោះ មានឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ៤២ឆ្នាំ។

ចំណែក ស្ត្រី២នាក់ទៀត ទី១ឈ្មោះ ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ និងទី២ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយកាលពីម្សិលមិញពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត និងបទល្មើស សមគំនិត។

គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនទាំង៣នាក់ ទី១ ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ ៣៥ឆ្នាំ, ទី២ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ៣៣ឆ្នាំ និងទី៣ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ ៤២ឆ្នាំ (ត្រូវបានដោះលែងវិញ)កាលពីថ្ងៃទី១០ និង១២ ខែមេសា ឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួនរួច សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រុងភ្នំពេញ កាលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមច្បាប់ ប៉ុន្តែប្រហែលជា សំណុំរឿងដែល សមត្ថកិច្ចកសាងនោះ មិនរឹងមាំទើបអាចបើកផ្លូវឲ្យ លោកព្រះរាជអាជ្ញារង ដោះលែងជនសង្ស័យបានយ៉ាងផុយ។

សមត្ថកិច្ចកងរាជអាវុធអាវុធហត្ថ បានបញ្ជាក់ថា ការឃាត់ខ្លួនជនល្មើស ទាំង៣នាក់ខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នុប សុវណ្ណា ជាអាជីវករ នៅខេត្តកណ្តាល និង ឈ្មោះ អឿន ឡោ ជាអាជីវករ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជួលរថយន្តឲ្យទៅក្រុមជនល្មើស កាលពីអំឡុងឆ្នាំ២០១៧ និងត្រូវក្រុមជនល្មើស បោកយករថយន្តទៅដាក់បញ្ចាំអស់។

សមត្ថកិច្ចបាន បន្ថែមថា សំណុំរឿងនេះ មានជនសង្ស័យចំនួន៩នាក់ កំពុងរត់គេចខ្លួន រួមមាន៖
១- ឈ្មោះ ទឹក រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

២- ឈ្មោះ អ៊ីង ចាន់ដារិទ្ធ ហៅ ជា ផាន់ណា ហៅ ហ៊ុយ ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបត់រការ ឃុំបត់រការ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

៣- ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៤- ឈ្មោះ យ័ន ណាវីន ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន កំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

៥- ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ និងមានទីលំនៅបច្ចុប្បន្ន ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ។

៦- ឈ្មោះ តី ភេទស្រី អាយុប្រហែល២៨ឆ្នាំ

៧- ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុប្រហែល៣៤ឆ្នាំ

៨- ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ

និង៩- ឈ្មោះ សេរី ហៅ ពេជ្រ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១។

គួរកត់សម្គាល់ថា ក្រោយពីលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មកកាន់តំណែងជា មេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ សមត្ថកិច្ច នៃស្ថាប័នមួយនេះ បានប្រតិបត្តិការបង្ក្រាបបទល្មើស ធំៗជាច្រើនករណី និងបានកសាងសំណុំរឿង យ៉ាងប្រយ័ត្នប្រយែង និងរឹងមាំបំផុត ហើយក៏កម្រនឹងមានព្រះរាជអាជ្ញារង ឬចៅក្រមរូបណា ហ៊ានដោះលែង ជនល្មើសដែល ស្ថាប័នមួយនេះ ស្រាវជ្រាវ ចាប់បាន និងបញ្ជូនទៅតុលាការឡើយ។

ប៉ុន្តែករណីឆបោករថយន្តនេះ ជាសំណុំរឿង ប្លែកមួយដែល លោកព្រះរាជអាជ្ញារង សឿ ឡងឌី ដែលទើបនឹងមកកាន់តំណែងថ្មីលើដីភ្នំពេញ ហ៊ានដោះលែងជនសង្ស័យដែល កម្លាំងកងរាជអាវុធហត្ថ ខំស្រាវជ្រាវចាប់យ៉ាងលំបាក ផុយៗបែបនេះ៕

មតិយោបល់