ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ លោក ថាន់ ឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ កាត់ទោស ជនជាតិចិនប្រុសស្រី ២នាក់ និងបុរសខ្មែរម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន នៅក្នុងកាស៊ីណូណាហ្គាវើល។
លោក ខៀវ ផល្លា ជាតំណាងអយ្យការបាន ចោទប្រកាន់លើជនជាប់ចោទ៖
-ទី១ឈ្មោះ ផាន់ វ៉ាន់គី ហៅ ឡុង ហៅ កឺកឺ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន (ធ្លាប់ត្រូវបានតុលាការប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត រឿងជួញដូរគ្រឿងញៀន)
-ទី២ឈ្មោះ វូ ហ័រចិន ហៅ ស៊ី ម៉ីង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិចិន
-និងទី៣ឈ្មោះ នុត កែវរចនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (ជាខ្លាសរបស់សមត្ថកិច្ច)
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការនាព្រឹកនេះ ជនជាប់ចោទ ជាជនជាតិចិនទាំង ២នាក់ខាងលើ បានច្រានចោលបទចោទប្រកាន់របស់តុលាការ ដោយអះអាងថា ពួកគេមិនបានប្រព្រឹត្តនោះទេ។
ចំណែកជនជាប់ចោទ ឈ្មោះ នុត កែវរចនា បានឆ្លើយថា រូបគេ គឺជាភ្នាក់ងាររបស់សមត្ថកិច្ច ការិយាល័យ “ក៥” នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ដែលមាន ព្រះនាម A572។
ជនជាប់ចោទបន្ដថា នៅថ្ងៃកើតហេតុ ខ្លួនបានទៅទទួលគ្រឿងញៀនមួយ ប្រអប់បិទជិត ពីជនជាប់ចោទឈ្មោះ ផាន់ វ៉ាន់គី ហៅ ឡុង ហៅ កឺកឺ នៅចំណុច កាស៊ីណូណាហ្គាវើល តាមការណាត់របស់ ឈ្មោះ កឺកឺ។ ក្រោយទទួលបាន គ្រឿងញៀនរួច រូបគេបាន រាយការណ៍ទៅ សមត្ថកិច្ចជំនាញ ឲ្យដឹងដើម្បីចាប់ខ្លួន ជនជាប់ចោទឈ្មោះ ផាន់ វ៉ាន់គី ហៅ ឡុង ហៅ កឺកឺ និងបក្ខពួក រហូត សមត្ថកិច្ច ចាប់បាន ជនជាប់ចោទ ជាជនជាតិចិនទាំង ២នាក់ រួមនឹងវត្ថុតាងមួយចំនួន បន្ថែមទៀតផងដែរ។
យោងតាមអំណានលិខិតបញ្ជាក់ របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន “ក៥” បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ នុត កែវរចនា ពិតជាភ្នាក់ងាររបស់សមត្ថកិច្ច ដោយមានការចេញលិខិតទទួលស្គាល់ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ហើយជនជាប់ចោទក៏ធ្លាប់បានសហការល្អជាមួយសមត្ថកិច្ចក្នុងការរៀបចំ វិធានញុះញង់ បង្ក្រាបបានបទល្មើសគ្រឿងញៀនជាច្រើនលើក។
ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ខាងមុខ៕








មតិយោបល់