ព័ត៌មានជាតិ

ស៊េរីទំនើប ឡិចស៉ីសLX៤៧០ ស្លាកលេខ ខេមរភូមិន្ទ02 2-5979 បុកគេឡើងខ្ទេច ហើយរត់បាត់!

ភ្នំពេញៈ រថយន្តពាក់ស្លាកលេខ ខេមភូមិន្ទ មួយគ្រឿង បានបើកបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោលបន្សល់ ទុកតែស្លាកលេខ រថយន្តនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប តាមបណ្តោយផ្លូវ២៥៧ កែងនឹងផ្លូវ១៤៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក វីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-3332 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៥៧ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកបើកឆ្លងកាត់ផ្លូវ១៤៦ ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡិចស៉ីសLX៤៧០ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-5979 ដែលបើកបរតាមបណ្តោយផ្លូវ១៤៦ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំកង់ខាងក្រោយចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យរថយន្តរងគ្រោះ រងការខូចខាតបាក់ភ្លៅ កង់ខាងក្រោយចំហៀងខាងឆ្វេង។ ចំណែកឯរថយន្តបង្កមិនបានឈប់ចុះមកធ្វើការដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការយករថយន្តនិងស្លាកលេខរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កឲ្យចូលខ្លួនមកដោះស្រាយគ្នា៕

មតិយោបល់