ព័ត៌មានជាតិ

ចិនទៀត! បើករថយន្តស៊េរីទំនើប POUCH បុករះគេហើយ បើករត់!

ភ្នំពេញៈ បុរសជាជនជាតិចិនវ័យក្មេងម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿង ទៅបុកកង់បីឥណ្ឌា២គ្រឿង និងរទះលក់បបរមួយ បណ្តាលឲ្យអ្នកលក់បបរ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រថយន្តរត់ទៅដល់មុខវិមានកុលាប ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាជនជាតិចិនម្នាក់ វ័យប្រហែលជា២០ឆ្នាំជាង បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក POUCH ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9527 បើកតាមបណ្តោយផ្លូវព្រះសុធារស ទិសដៅពីជើងទៅត្បូង លុះមកដល់មុខផ្សារទំនើបអ៉ីអន បានរេចង្កូតទៅបុកកង់បីឥណ្ឌា២គ្រឿង នឹងរទះលក់បបរមួយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯរថយន្តព្យាយាមបើករត់គេច តែមកដល់មុខវិមានកុលាប ក៏ត្រូវបានសមត្ថកិច្ចឃាត់ជាប់ឲ្យធ្វើការដោះស្រាយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់