ព័ត៌មានជាតិ

ខ្លាំងមែន!! ជិះម៉ូតូបុកសមត្ថកិច្ច មានអីធ្លាក់គ្រឿងញៀន ខ្នោះទាំង២នាក់!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនមួយកញ្ចប់តូច ខណ:ដែលកម្លាំងសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយជនសង្ស័យជិះម៉ូតូឌុបគ្នាមកបំបុកកម្លាំងសមត្ថកិច្ចបណ្ដាលឲ្យដួលធ្លាក់ចេញថ្នាំញៀន ផ្អើលសមត្ថកិច្ចដេញចាប់។ ចំណែកម្នាក់ទៀតដែលជាអ្នកបើកម៉ូតូក្រោយពីកើតហេតុលើកម៉ូតូជិះគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងក្រសួងសុខាភិបាល តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះទី១ ជា ចម្រើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ នៅម្ដុំកាំកូសុីធី ស្នាក់កន្លែងធ្វើការ មានស្រុកកំណើតក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២ឈ្មោះ វាន់ សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរតៃកុងអាអិុច មានស្រុកកំណើតខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំង សមត្ថកិច្ចនាំខ្លួនមកសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់