ព័ត៌មានជាតិ

ឆក់កាបូបជនជាតិចិន គេចខ្លួនបាន១០ថ្ងៃជាង ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង៣និង១០នាទីរសៀល កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួលលេខE០២ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យនេះ គឺពាក់ពន្ធ័ក្នុងបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប យួរដៃ ពណ៌ប្រផេះ ) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤៥ នាទីល្ងាច។

ជនសង្ស័យមានឈ្មោះ បៀវ ឈុនហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១២ ផ្លូវលេខ១៦១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ CHAO ZHANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E ២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ក្នុងនោះដែរ សម្ភារៈបាត់បង់រួមមាន កាបូបយួរដៃ ពណ៌ ប្រផេះ ចំនួន១ , លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចំនួន១ , អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ ៣៣០៦៨២១៩៨៦១០០៣០០៥៦ ចំនួន១ , ប្រាក់ហុងកុង ចំនួន ៣៦,០០០ ,ប្រាក់ចិនចំនួន ១០,០០០ , ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០ ,កាតATM ចំនួន ១៥ ,ប្រាក់ដុល្លារអាមេរិក មួយចំនួន និងទូរសព្ទដៃម៉ាក IPhoneX ពណ៌ខ្មៅ ចំនួន១។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

មតិយោបល់