ព័ត៌មានជាតិ

លោក ញឹក ប៊ុនឆៃ បានហៅស្ថានការណ៍បច្ចុប្បន្ន អាចនឹងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ ស្របពេលដែលប្រទេសមហាអំណាចបានត្រឡប់មកកម្ពុជាវិញជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈកាលយ៉ាងយូរ គេឃើញអ្នកនយោបាយនៅកម្ពុជា បច្ចុប្បន្នហាក់មានទំនោរទៅរកប្រទេសមហាអំណាចម្ខាងម្នាក់ ដែលលំនាំនេះ កម្ពុជាធ្លាប់បានទទួលម្តងរួចមកហើយ គឺក្នុងឆ្នាំ១៩៥៣ ការបែកបាក់ឯកភាពជាតិ ប្រទេសមានកលិយុគ គំនុំគុំកួតកើតឡើងឈានដល់បង្កើតឲ្យមានភ្លើងសង្រ្គាម កាប់សម្លាប់ជាតិសាសន៍ ប្រទេសរងការបំផ្លិចបំផ្លាញខ្ចិចខ្ទីទាំងស្រុងរហូតដល់ថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ និងផ្តើមមានឯកភាពជាតិជាថ្មីនៅឆ្នាំ១៩៩៣ មានការអភិវឌ្ឍ មានការរីកចម្រើន និងមានការទទួលស្គាល់ពីបណ្តាប្រទេសនៅលើពិភពលោកដូចបច្ចុប្បន្ន។

អ្នកនយោបាយជើងចាស់មួយរូប លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ បានហៅស្ថានភាពចម្រូងចម្រាសផ្លោងពាក្សសំដីដាក់គ្នារវាងអ្នកនយោបាយ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នាពេលបច្ចុប្បន្ននេះថា ពិបាកនឹងត្រូវរ៉ូវគ្នាឡើងវិញ អាចធ្វើឲ្យមានការពិបាកដល់ការរស់នៅរបស់ប្រជាជនពិសេសអាចនឹងធ្វើឲ្យប៉ះពាល់ដល់បញ្ហាកំណើនសេដ្ឋកិច្ចប្រទេស ឬ រាំងខ្ទប់ដល់ដំណើរនៃការអភិវឌ្ឍប្រទេសនាពេលខាងមុខ។

លោក ញឹក ប៊ុនឆៃ បានអំពាវនាវឲ្យអ្នកនយោបាយគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ កុំគិតពីផលប្រយោជន៍បក្ស និងបុគ្គល ដោយជួបចរចាគ្នាជាថ្មីក្នុងភាពស្មោះត្រង់ដាក់គ្នាក្នុងលក្ខខណ្ឌ ជាតិសាសន៍ខ្មែរដូចគ្នា ពិសេសជៀសវាងការពឹងផ្អែកទៅខាងក្រៅខ្លាំងវាអាចជាបញ្ហាផងដែរ ដោយសារការប្រកួតប្រជែងគ្នារបស់ប្រទេសមហាអំណាចនៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យស្ថានភាពនយោបាយរបស់កម្ពុជាមិនមានស្ថេរភាព បន្តអូសបន្លាយភាពរកាំរកូសដាក់គ្នានាំឲ្យខាតផលប្រយោជន៍ប្រទេសជាតិ។ “ស្ថានការណ៍នេះខ្ញុំយល់ថា គួរតែមេដឹកនាំបក្សធំទាំង២ ជួបចរចាគ្នា ដើម្បីរកយន្តការដោះស្រាយស្ថានការណ៍ឲ្យបានធូស្រាល នឹងឈានទៅរកភាពល្អប្រសើរឡើងវិញ ពិសេសរួមគ្នាដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅកម្ពុជា តួយ៉ាងបញ្ហាប្រាក់ខែកម្មករ បញ្ហាទំនាស់ដីធ្លី ការរំលោភបំពានផ្សេងៗ ការខ្វះខាតទឹក ជាដើម។ល។ ដោយលើកយកបញ្ហាមកដាក់លើតុ ហើយជជែកគ្នាក្នុងស្មារតីជាតិ ដោយកុំកេងចំណេញនយោបាយប្រយោជន៍បក្ស បក្ខពួករបស់ខ្លួន ហើយការនាំធ្វើបាតុកម្មមិនមែនជាបញ្ហាដោះស្រាយនោះទេ”

ប៉ុន្តែយ៉ាងណាអ្នកនយោបាយរូបនេះបញ្ជាក់ថា “ទោះបើជាមានស្ថានភាពចម្រូងចម្រាសគ្នាបែបនេះក្តី ខ្ញុំគិតថា ការបោះឆ្នោតនៅពេលខាងមុខនោះ នៅតែបន្តដំណើរជាធម្មតា តែត្រង់ថា ការបោះឆ្នោតអាចប្រព្រឹត្តទៅបានដោយរបៀបណា ដោយបរិយាកាសល្អ ឬមិនល្អនោះទេ តែយើងចង់បានការបោះឆ្នោតមួយ ដែលមានបរិយាកាសសុខដុមរមនាជាមួយគ្នា លទ្ធផលនៃការបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នា មិនមានការចោទប្រកាន់ទៅវិញទៅមកនោះទេ ខ្ញុំសុំឲ្យយកគំរូពីប្រទេសភូមា ដើម្បីជាតិនិងប្រជាជន”

មតិយោបល់