ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូពីក្រោយ ស្លាប់ប្តីនិងប្រពន្ធរងរបួសធ្ងន់!

មណ្ឌលគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅក្រោមភ្នំបាយឆៅ ក្នុងភូមិពូលូង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះ សាំង សារុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិភ្នង មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិទី៦ ឃុំបូស្រា ស្រុកពេជ្រាដា(ស្លាប់នៅនឹងកន្លែង)។ និងអ្នករួមដំណើរឈ្មោះ កង សំអៀន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធរងរបួសធ្ងន់។
ចំណែករថយន្តបង្កបានបើករត់គេចបាត់ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងតាមស្វែងរកយកមកដោះស្រាយទៅតាមនិតិវិធីច្បាប់។

ចំពោះសាកសពជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដឹកយកមកទុកនៅវត្តសែនមនោរម្យ រង់ចាំសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់