ព័ត៌មានជាតិ

នៅកំពង់ធំ ករណីអគ្គិភ័យ រន្ទះបាញ់ និងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះជាច្រើន និងងាប់គោអស់ពីរក្បាល

កំពង់ធំៈ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ១លើក រន្ទះបាញ់១លើក និង ខ្យល់កន្រ្តាក់១លើក កើតទ្បើងក្នុងថ្ងៃតែមួយជាមួយគ្នា។

– ករណីទី១ នៅវេលាម៉ោង៣ និង៤០នាទីរសៀល មានករណីអគ្គិភ័យ ឆេះផ្ទះ១ខ្នង ទំហំ៧x៤.៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ នៅតំបន់អូរទ្រុងភូមិ អង្គសែនជ័យ ឃុំក្លែង ស្រុកសណ្តាន់។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អេង ពឿន ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិឃុំកើតខាងលើ។
សម្ភារៈខូចខាតរួមមាន៖​ ឆេះផ្ទះទាំងស្រុងទំហំ ៧x៤.៥ ម៉ែត្រ ម៉ាស៊ីនបាញ់ថ្នាំចំនួន២គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ គេមិនទាន់ដឹងមូលហេតុនោះទេ ដោយខាងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ខណៈម្ចាស់ផ្ទះមិននៅ។ រីឯរថយន្តពន្លត់អគ្គិភ័យ មិនបានចេញអន្តរាគមន៍នោះទេ ដោយសារផ្លូវមានចម្ងាយឆ្ងាយ និងតូចចង្អៀត(ចូលមិនរួច)។

– ករណីទី២ គឺរន្ទះបាញ់ និងខ្យល់កន្រ្តាក់ ដែលកើតហេតុនៅវេលាម៉ោង ៥ និង២០នាទី នៅភូមិនីពេជ្រ(ក) ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ
បណ្តាលឲ្យស្លាប់គោ១ក្បាល ជារបស់ឈ្មោះ ជុច ជួប ភេទប្រុស អាយុ៦១ឆ្នាំ រួមទាំងស្លាប់គោ១ក្បាល និងខូចខាតអង់តែនទូរទស្សន៍១គ្រឿង របស់ឈ្មោះ ជួប ខៃ ភេទប្រុស អាយុ៤៤ឆ្នាំ។ ចំណែកម្ចាស់ផ្ទះ ឈ្មោះ សេង ឃន ភេទប្រុស អាយុ៤៤ឆ្នាំ ខូចខាតបែកអាគុយ១២០W ចំនួន១គ្រឿង និងម្ចាស់ឈ្មោះ រឿង ពៅ ភេទស្រី អាយុ៣៧ឆ្នាំ ខូចខាតរបើកក្បឿងប្រក់ដំបូលផ្ទះអស់ចំនួន៣៥សន្លឹក។

– ករណីទី៣ ខ្យល់កន្រ្តាក់ កើតហេតុវេលាម៉ោង៥ ល្ងាចនៅភូមិឈើទាល ឃុំត្បែង បណ្តាលឲ្យខូចខាតផ្ទះ១ខ្នង របស់ម្ចាស់ ឈ្មោះ ចេង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ ផ្ទះទំហំ៩x១៧ម៉ែត្រ (៣ល្វែង)។

សម្ភារៈខូចខាត៖
– ជាន់ទី១ របើកសំយ៉ាបស័ង្កសីខាងមុខអស់ទាំងស្រុង
– ជាន់ទី២ របើក១ចំហៀង
– ជញ្ជាំងថ្មខាងមុខរបើកមួយចំហៀង
– ដំបូលផ្ទះបាក់ព្រំ និងរបើកក្បឿងអស់ជាច្រើន៕

មតិយោបល់