ព័ត៌មានជាតិ

តុលាការបន្តជម្រះទោសជនជាប់ចោទ៧នាក់ ពាក់ព័ន្ធការរំលោភសម្លាប់ស្រីរកស៊ីផ្លូវភេទម្នាក់

ភ្នំពេញៈ ក្រោយពីបានលើកពេលសវនាការកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ ដែលបានកើតឡើងនៅក្នុងខណ្ឌពោធិសែនជ័យ កាលពីម៉ោងប្រមាណជាង១២យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ កន្លង មកធ្វើការបន្តសវានាការលើអង្គសេចក្តី។

ជនជាប់ចោទនៃសំណុំរឿងនេះមានចំនួន៧នាក់៖ -ទី១ ឈ្មោះ ព្រៃ សុកឡាក់ ភេទប្រុស អាយុ ៥១ឆ្នាំ -ទី២ ឈ្មោះ ម៉ម វណ្ណាន ហៅចយ ភេទប្រុស អាយុ ២០ឆ្នាំ -ទី៣ ឈ្មោះ អៀម ឡុច ភេទប្រុស អាយុ ២០ឆ្នាំ -ទី៤ ឈ្មោះ ណាង ណាវី ភេទប្រុស អាយុ ១៩ឆ្នាំ -ទី៥ ឈ្មោះ ខាត់ សួរ ហៅសង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ -ទី៦ ឈ្មោះ មឿន ខី ភេទប្រុស អាយុ ១៨ឆ្នាំ -ទី៧ ឈ្មោះ ជិន ណាវី ភេទប្រុស អាយុ ២៩ឆ្នាំជនជាប់ចោទត្រូវបានលោក ខាំ សុផារី តំណាងអយ្យការបានចោទប្រកាន់ពីបទ ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកនេះជនជាប់ចោទចំនួន ៖

-ទី១ ឈ្មោះ ម៉ម វណ្ណាន

-ទី២ ឈ្មោះ ជន ណាវី

-ទី៣ ខាត់ សួរ ហៅសង្ហា

-ទី៤ មឿន ខី

ជនជាប់ចោទទាំង៤នាក់ បានឆ្លើយថា ខ្លួនមិនបានដឹងរឿងអ្វីនោះទេ អ្វីដែលខ្លួនឆ្លើយនោះជាការបង្គាប់របស់ឈ្មោះ ព្រៃ សុកឡាក់។ ជនជាប់ចោទបន្តថា ខ្លួនសូមបដិសេធរាល់ចម្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌ទាំងអស់ ដោយសារចម្លើយនៅគ្រានោះ គឺនគរបាលបានវាយបង្ខំឲ្យឆ្លើយ។

សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនោះនេះអង្គសវនាការបានធ្វើការសាកសួរជនជាប់ចោទចំនួន៣នាក់ ដោយរួមមាន៖

-ទី១.ឈ្មោះ ណាង ណាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ ជនជាប់ចោទបានបដិសេធគ្រប់ចម្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌ ដំណាក់កាលតំណាងអយ្យការ និងចៅក្រមស៊ើបសួរ។ ជនជាប់ចោទបាន អះអាងថា ឈ្មោះ ព្រៃ សុកឡាក់ ជាអ្នកលួងលោមឲ្យខ្លួនឆ្លើយ និងមានការវាយបង្ខំពីនគរបាលឲ្យឆ្លើយសារភាពតាមដែលគេចង់បាន។

-ទី២. ឈ្មោះ ព្រៃ សុកឡាក់ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ យាមឃ្លាំង មានស្រុកកំណើតខេត្តកំពងចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនដែលបានបង្គាប់ឈ្មោះ ណាង ណាវី ឲ្យឆ្លើយសារភាពថា បានរំលោភនារីរងគ្រោះទេ។ ជនជាប់ចោទបានបន្តថា ខ្លួនបានឃើញជនជាប់ចោទដទៃទៀត ផឹកស៊ើក្បែរកន្លែងខ្លួនឃាមឃ្លាំង ក្រោយមកខ្លួនបានឮក្រុមនោះនាំគ្នាទៅយកស្រីមកដេក។ លុះព្រឹកថ្ងៃបន្ទាប់ក៏មានខ្លួនបានប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់ ដោយគេរំអង្រឹង ចោលក្នុងដីឡូត៍មួយកន្លែង ជិតឃ្លាំងដែលខ្លួនឃាម ក្រោយមកខ្លួនបានទូរស័ព្ទទៅនគរបាលឲ្យមកពិនិត្យ។

-ទី៣ ឈ្មោះ អៀម លុច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ ជនជាប់ចោទបាន បដិសេធថាខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ជនជាប់ចោទបាន ឆ្លើយថាឈ្មោះ ព្រៃ សុកឡាក់ បង្គាប់ឲ្យឆ្លើយថា ខ្លួនពិតជាបានរំលោភនារីរងគ្រោះនៅក្រោយវត្តអង្គតាមិញ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ មែន ដោយមាននគរបាលវាយឲ្យឆ្លើយផងដែរ។ ជនជាប់ចោទបាននិយាយថា នៅយប់កើតហេតុ ខ្លួនបាននាំគ្នាផឹកស៊ីនៅខារ៉ាអូខេ និងមកផឹកបន្តនៅកន្លែងធ្វើការទៀត។

ទោះជាយ៉ាងណា លោក ខាំ សុផារី បានរក្សាបទចោទប្រកាន់លើជនជាប់ចោទចំនួន ៦នាក់ដូចខាងលើទុកជាបានការដដែល។ ដោយឡែកតំណាងអយ្យការរូបនេះ បានស្នើសុំឲ្យតុលាការពិចារណាលើអង្គច្បាប់ឡើងវិញចំពោះជនជាប់ចោទឈ្មោះ ព្រៃ សុកឡាក់ ព្រោះតំណាងអយ្យមានបានរកឃើញថា ជនជាប់ចោទឈ្មោះ ព្រៃ សុកឡាក់ មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ។

លោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦៕

មតិយោបល់