ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បរិស្ថានបានបង្ហាញថា តាមការសិក្សាបឋមរបស់គម្រោងកាត់បន្ថយសំណល់ថង់ប្លាស្ទិក នៅក្នុងទីក្រុងសំខាន់ៗនៅកម្ពុជាបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន ម្នាក់ប្រើថង់ប្លាស្ទិកជាង២០០០ថង់ ក្នុងមួយឆ្នាំ ឬ ប្រើច្រើនជាង៥ថង់ក្នុងមួយថ្ងៃ ហើយនៅរាជធានីភ្នំពេញមានការប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ ១០លានថង់ក្នុងមួយថ្ងៃ។
លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី «វិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដែលបានធ្វើនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះថា តាមរយៈការសិក្សាបានបង្ហាញថា ទីផ្សារគឺជាប្រភពនៃការចែកចាយថង់ប្លាស្ទិកច្រើនជាងគេ ជាពិសេសប្រភេទថង់ប្លាស្ទិកស្តើង ដែលប្រើប្រាស់បានតែមួយដង (Single Use) ទាំងនេះ គឺជាមូលហេតុសំខាន់មួយ ដែលធ្វើឱ្យបរិមាណសំណល់ថង់ប្លាស្ទិកមានការកើនឡើងគួរឱ្យគត់សម្គាល់។
អនុរដ្ឋលេខាធិការរូបនេះ បានបន្តថា ប្រទេសកម្ពុជាក៏បាននិងកំពុងប្រឈមយ៉ាងខ្លាំងជាមួយនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ថង់ប្លាស្ទិក ដែលបញ្ហានេះមិនត្រឹមតែជះឥទ្ធិពលជាអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ សេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេ គឺថែមទាំងប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង ដែលធ្វើឱ្យប្រឈមដល់ការរៀបចំទីក្រុងប្រកបដោយចីរភាពផងដែរ។
លោកបានបញ្ជាក់ថា “បច្ចុប្បន្នថង់ប្លាស្ទិកត្រូវបាននឹងកំពុងប្រើប្រាស់យ៉ាងពេញនិយមនៅក្នុងប្រទេសកម្ពុជា ហើយការប្រើប្រាស់នេះ មានការកើនឡើងយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។ សំណល់ថង់ប្លាស្ទិក មិនត្រឹមតែមិនងាយបំបែកធាតុនៅក្នុងធម្មជាតិ ដែលត្រូវការពេលវេលារហូតដល់រាប់រយឆ្នាំ ប៉ុណ្ណោះទេ គឺវាត្រូវបានផលិតចេញពី រ៉ែប្រេងកាត ដែលជាធនធានធម្មជាតិដ៏កម្រ”។
ស្របពេលដែលកំពុងធ្វើដំណើរនៅលើគន្លងអភិបាលកិច្ចល្អនិងកំណែទម្រង់ស៊ីជម្រៅ ក្រសួងបរិស្ថានបាននិងកំពុងខិតខំយ៉ាងសកម្មក្នុងការរៀបចំគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ដាក់ចេញឱ្យអនុវត្តដើម្បីកិច្ចគាំពារបរិស្ថាន ជាពិសេសការរៀបចំក្រមបរិស្ថាន។ ថ្មីៗកន្លងមកនេះក្រោមការផ្តួចផ្តើមនិងកិច្ចសហការរវាង ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងបរិស្ថាន រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំដៅធ្វើឱ្យប្រសើឡើងនូវការគ្រប់គ្រងសំណល់ចាប់តាំងពីចំណុចបង្កើត រហូតដល់ចំណុចបោះបង់ចោលចុងក្រោយ។
លោកបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេស ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ចំពោះសំណល់ថង់ប្លាស្ទិកនេះ ក្រុមការងារអន្តរក្រសួងបានរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ស្តីពី «វិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដែលបានដាក់ឱ្យពិគ្រោះយោបល់នៅថ្ងៃនេះ។
លោក ស្រី Elodie Maria-Sube អនុព័ន្ធប្រតិភូសហគមន៍អឺរ៉ុបបានថ្លែងថា ការរៀបចំគោលនយោបាយលិខិតបទដ្ឋាននានា ទាមទារនូវធាតុចូលពីគ្រប់បរិបទ ពិសេស កត្តាបច្ចេកទេស កត្តាសេដ្ឋកិច្ច កត្តាសង្គម កត្តាបរិស្ថាន កត្តាអភិបាលកិច្ច និងភាពសមស្របនានា ដែលធ្វើឱ្យបរិធានច្បាប់នោះមានការចូលរួម មានភាពពេញលេញ និងអាចអនុវត្តបានដោយរលូននិងជោគជ័យ។
មន្រ្តីជំនាញក្រសួងបរិស្ថានបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ថង់ផ្លាស្ទិកដែលមានការទទួលខុសត្រូវខ្ពស់កម្ពុជាមានគោលនយោបាយកំណត់នូវតម្លៃ អតិបរមាសម្រាប់ថង់ផ្លាស្ទិកដែលតម្រូវឱ្យអនុវត្តនៅតាមផ្សារទំនើប និងផ្សារម៉ាត ក៏ដូចដាក់បំរាមតាមផ្នែកនៅលើការប្រើប្រាស់ថង់តូចៗ ពោលគឺទទឹងតូចជាង៣០សង់ទីម៉ែត្រ ដែលត្រូវបានចាត់ទុកជាប្រភេទដែលមានការបំពុលខ្លាំង។ លើសពីនេះបូកតម្លៃ៥០០រៀលទៅលើថង់ផ្លាស្ទិកមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកនៅកម្ពុជា៕
មតិយោបល់