ព័ត៌មានជាតិ

មន្ត្រីក្រុមប្រឹក្សាស្រុកកែវសីមាខេត្តមណ្ឌលគិរីបាញ់សម្លាប់ខ្លួនឯងនៅបាត់ដំបង

បាត់ដំបងៈ បុរសម្នាក់ដែលគេដឹងថា ជាមន្ត្រីក្រុមប្រឹក្សាស្រុកកែវស៊ីមាខេត្តតមណ្ឌលគិរី​ បានបាញ់សម្លាប់ខ្លួនឯងនៅខេត្តបាត់ដំបង ដោយមានបន្សល់ទុកសំបុត្រ​មួយច្បាប់ នឹងរូបថត២សន្លឹក នឹងកាំភ្លើងខ្លី ផងដែរ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ នៅព្រឹក​ថ្ងៃទី​២៣ មិថុនា ២០១៦នេះ ស្ថិត​លើ​ភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ចម្ងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ខេត្តបាត់ដំបង ​ក្បែរ​ច្រក​ចូល​ទៅ​អាស្រម​​ «គិរីរម្យ» ដោយ​មានបន្សល់កាំភ្លើង​អាការ១ដើម ​និង​សំបុត្រ​មួយច្បាប់​​​​​នៅក្បែរខ្លួន។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ Post News ឱ្យដឹងថា ជនរងគ្រោះ​ដែលបាញ់ស្លាប់​ខ្លួនឯងត្រូវគេបានស្គាល់ ឈ្មោះ​ ឆាន់ ចាំង អាយុ​៤៣​ឆ្នាំ​ មានមុខរបរជាសមាជិក​ក្រុមប្រឹក្សា​ស្រុកកែវសីមា មានទីលំនៅ​​​ខេត្តតមណ្ឌលគិរី​។ ជនរងគ្រោះជិះរថយន្ត​ម៉ាកកាមរីស៊េរីចាស់ ពាក់ស្លាកលេខ​ត០៩២៨ភព២។

មន្ត្រីនគរបាលបានបញ្ជាក់ថា បើតាមការអះអាងពីក្រុមគ្រួសារ​សពថា ជនរងគ្រោះ​បានជិះ​រថយន្ត​ចេញពី​ផ្ទះ​តាំងពីថ្ងៃទី​២១ មិថុនា​ មកម្ល៉េះ ដោយមិន​ដឹងថា គាត់ទៅណា​​ និង​មានរឿងអ្វីនោះ​ទេ ហើយទូរស័ព្ទក៏ខលមិនចូលដែរ​។ លុះដល់ព្រឹកថ្ងៃទី២៣មិថុនានេះ ក៏ស្រាប់តែ​មានគេប្រាប់ថា បានប្រទះឃើញ​សាកសព​​ទើប​បង្កការភ្ញាក់​ផ្អើលតែម្តង​។

សមត្ថកិច្ច​សង្ស័យ​ថា អាចបណ្តាល​មកពី​ជនរងគ្រោះ​តូចចិត្ត ​និង​ជំងឺប្រចាំកាយ ទើប​សម្រេចបញ្ចប់ជីវិត​ទៅ។ នេះ​បើយោងតាម​សំបុត្រ​មួយច្បាប់​ដែលទុក​ក្បែរខ្លួនសាកសព​​។ ក្នុងសបុត្រនោះបានសរសេរថា ប្អូនសុំទោស បងប្រុស បងស្រី ប្អូនស្រី ប្អូនសុំលាសិនហើយ ជាតិក្រោយកុំឱ្យឈឺច្រើនទៀត។ សពបងធ្វើបុណ្យនៅវត្ត កុំយកទៅផ្ទះ។

ដោយយោងតាមបណ្តាំក្នុងសំបុត្រ សាច់ញ្ញាតិបានសម្រេចធ្វើបុណ្យនៅវត្តក្បែរនោះ តាមប្រពៃណី៕

មតិយោបល់