ភ្នំពេញៈ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះបញ្ជូនខ្លួនឪពុកដែលវាយធ្វើបាបកូនបង្កើតរបស់ខ្លួន ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ហ៊ិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៦ឆ្នាំ។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនឪពុក ដែលវាយធ្វើបាបកូនបង្កើតរបស់ខ្លួន ហើយត្រូវបានគេថតវីដេអូបង្ហោះចែករំលែក តាមបណ្តាញទំនាក់ទំនងសង្គម Facebook ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ឃុំចំនួន២លើក ដោយលើកទី១ ករណីពាក់ព័ន្ធអំពើប្លន់ ជាប់ពន្ធនាគារ៤ឆ្នាំ និងលើកទី២ ករណីពាក់ព័ន្ធគ្រឿងញៀន ជាប់ពន្ធនាគារ១ឆ្នាំ ។
សំណុំរឿងនេះ ស្ថិតនៅក្រោមចំណាត់ការរបស់លោក គុជ គីមឡុង ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរបន្ដ មុនបញ្ជូនខ្លួនទៅឲ្យចៅក្រមសម្រេចឃុំខ្លួន ៕
មតិយោបល់