ព័ត៌មានជាតិ

សិស្សវិទ្យាល័យច្បារអំពៅ២នាក់ បែកគំនិតចេញឆក់​ ទូរសព្ទជនជាតិចិន​នៅកោះពេជ្រ​បានសម្រេច​ តែជិះម៉ូតូរត់មិនរួច​ជាប់ខ្នោះ!

​ភ្នំពេញៈ ជនសង្ស័យវ័យក្មេង២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទជនបរទេសបានសម្រេច​ តែរត់មិនរួច​ជាប់ខ្នោះសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង០៥នាទីថ្ងៃទី២២ ​ខែមិថុនា​ ឆ្នាំ២០១៨​ នៅតាមបណ្តោយផ្លូវ​ឡើងស្ពានហង្ស​ (ផ្លូវសបិត)​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ មានជនបរទេសមួយក្រុម​ (ជនជាតិចិន)​ មានស្រីមានប្រុសខ្លះស្ពាយកាបូបខ្លះកាន់ទូរសព្ទ​ ​បានចេញពីភោជនីយដ្ឋានដើរថ្មើជើង​ ធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ​ បម្រុងនឹងឡើងរថយន្ត​ភ្លាមនោះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេច​ រួចប្រឹងបើកគេចខ្លួន​ តែលទ្ធទទួលបាន​ គឺត្រូវបានជនជាតិចិនទាំងនោះចាប់បានកន្ទុយម៉ូតូ​ ក្រវេសក្រវាត់​ ដួលម៉ូតូ​ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋចាប់បានទាំង២នាក់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ​ទី១​ ប៉ា​ សុភា​ អាយុ១៦​ឆ្នាំ មុខរបរសិស្សសាលាច្បារអំពៅ និងទី២ឈ្មោះ អៀង​ រតនា អាយុ១៦ឆ្នាំ សិស្សសាលាច្បារអំពៅ ជនសង្ស័យទាំង២នាក់នេះ ស្នាក់នៅម្តុំច្បារអំពៅ​​ ជិះម៉ូតូម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ២០១៥​ ពណ៌ខ្មៅ​ ដែលមានស្លាកលេខភ្នំពេញ 1DD-2449​ រីឯទូរសព្ទឆក់បានសម្រេចនោះ ម៉ាកIPhone 6Plus ពណ៌ស បណ្តាលឲ្យបែកអេក្រង់។

ជនសង្ស័យទាំង២នាក់ខាងលើ​នេះ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនជាតិចិនទាំងនោះ ពិតប្រាកដមែន​ ក្រោយពេលធ្វើការសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់