ព្រះសីហនុៈ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២២ មិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានថា មានករណីជនជាតិចិន២ក្រុមប្រើអំពើហិង្សាកាប់ចាក់គ្នា នៅក្នុងក្លឹបឌីស្កូមួយកន្លែង បន្ទប់លេខ០២ ស្ថិតក្នុងក្រុមទី៨ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុជាបន្ទាន់ ពេលនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ក្នុងនោះក៏មានជនជាតិចិន២នាក់រងរបួសហូរឈាមស្រោចពេញខ្លួន ដេកដួលនៅក្នុងក្លឹបឌីស្កូនោះ ត្រូវបានសមត្ថកិច្ចនាំទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
តាមចម្លើយពីជនរងគ្រោះ បានឲ្យសមត្ថកិច្ចឲ្យដឹងថា មូលហេតុបណ្តាលមកពីផឹកស៊ីស្រវឹង មានទំនាស់ពាក្យសម្តីដណ្តើមស្រីគ្នា ទើបបណ្តាលឲ្យឈានទៅដល់ការប្រើអំពើហិង្សា កាប់ចាក់គ្នាតែម្តង។
ជនរងគ្រោះ២នាក់ ម្នាក់ឈ្មោះ Jian Lu ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន បានរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ Zhang Tian ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន បានរងរបួសស្រាល ចំណែកជនសង្ស័យម្នាក់ បានរត់គេចខ្លួនបាត់ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ Huang Bing ភេទប្រុស អាយុ៣៨ឆ្នាំ។
វត្ថុតាងដកហូតបានរួមមាន៖ ដាវ និងកាំបិតចំនួន៧ដើម ត្រូវបានសមត្ថកិច្ចយកទៅកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់