ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌជ្រោយចង្វារ ដែលបានលួចយកម៉ូតូមិត្តភក្តិ ទៅដាក់បញ្ចាំ យកលុយចាក់ភ្លាល់បាល់ចាញ់អស់ ត្រូវបាននគរបាលខណ្ឌទួលគោក ដោះលែងឲ្យមានសេរីភាពវិញហើយ នេះបើតាមប្រភពពីសមត្ថកិច្ច។
បើយោងតាមសមត្ថកិច្ចខណ្ឌទួលគោក ជនសង្ស័យមានឈ្មោះ ហែម ពិសាខ មានតួនាទីជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ។
ចំណែកជនរងគ្រោះមានឈ្មោះ ខេម សំរឹទ្ធិតារា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាក ហុងដាឃ្លីក ស៊េរី២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FC-5745 ដែលត្រូវបានជនសង្ស័យយកទៅបញ្ចាំ យកលុយចាក់ភ្នាល់បាល់ទាត់WORLD CUP។
ពាក់ព័ន្ធនឹងការដោះលែងជនសង្ស័យ ជានគរបាលខាងលើនេះ យើងមិនអាចសុំការបញ្ជាក់ពីលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បាននោះទេ ដោយសារទូរស័ព្ទរបស់លោកហៅចូល ប៉ុន្តែគ្មានអ្នកទទួល។ ចំណែកសំណួរដែលបញ្ជូនទៅលោកអធិការតាម Telegram និងWhatsApp លោកមិនឆ្លើយតប។
ទោះយ៉ាងណា ទាក់ទងនឹងករណីនេះ លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលប្រចាំការខណ្ឌទួលគោក បានឲ្យដឹងតាមទូរស័ព្ទថា សមត្ថកិច្ចខណ្ឌទួលគោក បានស្នើសុំការឯកភាពពីលោក ដើម្បីដោះលែងជនសង្ស័យជានគរបាលខាងលើ ព្រោះជនសង្ស័យបានសងលុយទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង។
គួររំលឹកថា ជនសង្ស័យជានគរបាលខណ្ឌជ្រោយចង្វារ ឈ្មោះ ហែម ពិសាខ ត្រូវបានជនរងគ្រោះ ឃាត់ខ្លួនប្រគល់ឲ្យនគរបាល
ប៉ុស្តិ៍នរដ្ឋបាលផ្សារដេប៉ូទី២ កាលពីម៉ោងជិត១២យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ យកម៉ូតូ ជនរងគ្រោះ ម៉ាកឃ្លីក ខាងលើទៅ បញ្ចាំ ក្នុងតម្លៃ ៦២០ដុល្លារ យកទៅចាក់បាល់ចាញ់អស់។
នៅមុនពេលកើតហេតុ ជនសង្ស័យបាន ហៅជនរងគ្រោះ ជាមិត្តភក្តិ ទៅផឹកស៊ីជាមួយនៅហាងផឹកស៊ីមួយកន្លែង ម្តុំខាងក្រោយសណ្ឋាគារ ប្រេស៊ីដង់ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
លុះផឹកស៊ីៗ ស្រាប់តែជនសង្ស័យ សុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ជិះទៅផ្ទះទៅយកលុយមកផឹកទៀត ប៉ុន្តែបែរជា ជនសង្ស័យលួចយកម៉ូតូ ជនរងគ្រោះទៅបញ្ចាំ យកលុយចាក់បាល់ ចាញ់ម៉ត់ ទីបំផុតត្រូវជាប់ខ្នោះ បានមួយភ្លែត តែសំណាងល្អ ព្រោះអំពើ លួចយកម៉ូតូមិត្តភក្តិទៅបញ្ចាំបែបនេះ មិនត្រូវបាននគរបាលខណ្ឌទួលគោក រកឃើញថាមានបទល្មើស ឬជាអំពើខុសច្បាប់ កុំអីលោកនគរបាល ដែលចេះច្បាប់ តែព្យាយាមបំពានច្បាប់ បានដេកគុកបាត់៕
មតិយោបល់