ព័ត៌មានជាតិ

រថយន្តរ៉េសហ្វរបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្ទុះកង់ ទៅមុខលែងរួច!

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាករ៉េវហ្វរក្នុងល្បឿនមួយយ៉ាងលឿនលុះមកដល់ចំណុចផ្លូវកោងទប់ចង្កូតមិនរួច បានបុកខឿនហោះឡើងលើសួនស្មៅនៅចំណុចច្រមុះជ្រូករវង់មូលជ្រោយចង្វារ តែសំណាងអ្នកបើកបរមិនរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង៤៥ នាទីយប់ នៅចំណុច ច្រមុះជ្រូករង្វង់មូលជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយប់បុរសម្នាក់វ័យប្រហែលជាង ៥០ ឆ្នាំបើកបររថយន្តម៉ាក RAV4 ពណ៌សំបកឪឡឹក ផ្លាកលេខ 2F-7765 ក្នុងល្បឿនមួយយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីកើតទៅលិចលុះ មកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងខ្លាំង គួបផ្សំនិងអ្នកបើកបរស្រវឹង ទើបទប់ចង្កូតមិនជាប់ បណ្តាលអោយរថយន្តបុកខឿនបែកកង់ហោះឡើងលើសួនស្មៅ នៅចំណុចច្រមុះជ្រូកនោះតែម្តង។

ភ្លាមនោះគេសង្កេតឃើញអ្នកបើកបរមិនមានរងរបួសអ្វីនោះទេ ដោយបានបើកទ្វាររថយន្ត ចេញមកក្រៅទាំងអការៈស្រវឹងតែម្តង ។

ក្រោយកើតហេតុប៉ូលិសមូលដ្ឋានបាន រាយការណ៍ទៅជំនាញចរាចរណ៍ខណ្ឌបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកស្ទូចរថយន្ដយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់