ភ្នំពេញៈ លោក ឃី ឆៃ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រកាសសាក្រមសម្រេចផ្តន្ទាទោសពិរុទ្ធជនឈ្មោះ ឆេង ភិរម្យ ភេទប្រុស អាយុ៥៤ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៥ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសក្នុងពន្ធនាគារត្រឹមរយៈពេល២ឆ្នាំប៉ុណ្ណោះទោសសល់ត្រូវព្យួរធម្មតា និងតម្រូវឲ្យពិរុទ្ធជនសងទៅដើមបណ្តឹង ១៧,០០០ដុល្លារ ពីបទឆបោក និងក្លែងបន្លំឯកសារសារធារណៈ តាមរូបភាពរត់ការចូលជាសញ្ជាតិខ្មែរ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា ៣៧៨ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ។
គួររំឮកថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅពិរុទ្ធជនឈ្មោះ ឆេង ភារម្យ ធ្លាប់បានសារភាពថា ដំបូងឡើយ ខ្លួនបានស្គាល់ដើមបណ្ដឹងតាមរយៈ ឈ្មោះ ឃឹម សុជាតិ (ជាសាក្សី) ក្នុងសំណុំរឿងនេះ។ បន្ទាប់មកដើមបណ្ដឹងបានពឹងពាក់ខ្លួន ឲ្យជួយរត់ការធ្វើឯកសារចូលជាសញ្ជាតិខ្មែរ ឲ្យមិត្តភក្ដិរបស់ដើមបណ្ដឹង ដែលមានសញ្ជាតិចិនកាត់ម៉ាឡេស៊ើ ដោយដើមបណ្ដើងបានប្រគល់លុយសម្រាប់រត់ការឲ្យខ្លួនចំនួន ១៧,០០០ ដុល្លារ។
ពិរុទ្ធជនរូបនេះបានបន្តថា ក្រោយមកខ្លួនបានយកលុយនោះទៅឲ្យឈ្មោះ ជា រ័ត្ន ដោយឈ្មោះ ជា រ័ត្ន បានសន្យាថា រយៈពេល១ខែ នឹងប្រគល់ ស.ជ.ណ ពាក់ព័ន្ធនឹងការចូលជាសញ្ជាតិខ្មែរឲ្យខ្លួនយកទៅឲ្យម្ចាស់លុយហើយ។ ក្រោយមកបានមួយខែឈ្មោះ ជា រ័ត្ន បានយក ស.ជ.ណ ចូលជាសញ្ញាតិខ្មែរនោះមកឲ្យខ្លួន រួចហើយខ្លួនក៏ប្រគល់ឲ្យទៅឈ្មោះ គឹម សុគន្ធា តាមកាលកំណត់។
ដើមបណ្តឹងឈ្មោះ គឹម សុគន្ធា បានផ្តល់សក្ខីកម្មក្នុងអង្គសវនាការថា ខ្លួនពិតជាទទួលបាន ស.ជ.ណ សុំចូលសញ្ជាតិពីពិរុទ្ធជនរូបនេះពិតប្រាកដមែន ប៉ុន្តែ ស.ជ.ណ នោះបានសរសេរជា អក្សរពណ៌ សខ្មៅ តែប៉ុណ្ណោះ ទើបខ្លួនបានសុំឲ្យពិរុទ្ធជនម្នាក់នេះ ចេញលិខិត ស.ជ.ណ ជាពណ៌ធម្មជាតិ (កូល័រ) ឲ្យបានត្រឹមត្រូវ ដើម្បីខ្លួនយកទៅឲ្យមិត្តភក្តិជាជនជាតិ ចិនកាត់ម៉ាឡេស៊ីនោះប្រើប្រាស់ ដើម្បីស្នើសុំចូលសញ្ជាតិខ្មែរបាន។
ដើមបណ្តឹងបន្តថា ក្រោយមកពិរុទ្ធជនរូបនេះ និងឈ្មោះ ជា រ័ត្ន ចេះតែប្រាប់ថា ឲ្យចាំសិនៗ។ ក្រោយមកខ្លួនទាក់ទងពិរុទ្ធជនរូបនេះ និងឈ្មោះ ជា រ័ត្ន លែងបាន ទើបខ្លួនសង្ស័យថា ស.ជ.ណ ក្លែងក្លាយ ក៏យកទៅឲ្យមន្ត្រីពាក់ព័ន្ធជួយពិនិត្យ ទើបដឹងច្បាស់ថា ក្លែងក្លាយមែន ព្រោះវាគ្មាននៅក្នុងបញ្ជីឡើយ។ ក្រោយមកខ្លួនបាន ប្តឹងទៅសមត្ថកិច្ច ឲ្យឃាត់ខ្លួនឈ្មោះ ឆេង ភិរម្យ និងឈ្មោះ ជា រ័ត្ន ប៉ុន្តែឈ្មោះ ជា រ័ត្ន បានដឹងខ្លួន និងរត់គេចខ្លួនបាត់រហូតមក។ ដើមបណ្តឹងបានប្តឹងទាមទារលុយចំនួន ១៧,០០០ដុល្លារ ពីឈ្មោះ ឆេង ភិរម្យ និងឈ្មោះ ជា រ័ត្នមកវិញ៕
https://youtu.be/9AX-U13jTOw
https://youtu.be/sb5ytq4iM_U
មតិយោបល់