ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់បន្តរត់ភៀសខ្លួននៅស៊ីរី ខណៈការវាយប្រហាររដ្ឋាភិបាល នៅតែឆ្ពោះទៅមុខ

ស៊ីរីៈ ក្រុមកងកម្លាំងដែលមានភក្ដីភាព ទៅនឹងប្រធានាធិបតីស៊ីរីលោក Bashar al-Assad កំពុងបង្កើនការវាយលុករបស់ពួកគេ ទៅលើទីក្រុងសំខាន់ៗ ដែលកាន់កាប់ដោយឧទ្ទាម ក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេស ខណៈមនុស្សរាប់ពាន់នាក់ បានបន្តរត់ភៀសខ្លួនចេញពីតំបន់ជម្លោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។

ការប៉ះទង្គិចគ្នានេះ បានកើតឡើងកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយកងកម្លាំងគាំទ្ររដ្ឋាភិបាល បានប្រមូលផ្ដុំគ្នា នៅជាយទីប្រជុំជន Basr al-Harir ខណៈដែលភាគីទាំងពីរ បានបង្កើនការវាយលុក ប្រឆាំងគ្នាទៅវិញទៅមក។

លោក Jihad Hamza សកម្មជនគាំទ្រគណបក្សប្រឆាំងនៅខេត្ត Deraa បាននិយាយថា «យ៉ាងហោចណាស់រដ្ឋាភិបាល បានបើកការវាយប្រហារតាមអាកាសចំនួន ២០០ លើក និងទម្លាក់គ្រាប់បែកចំនួន ១៥០ គ្រាប់ទៅលើទីប្រជុំជន Basr al-Harir បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាល បានផ្លាស់គោលដៅវាយប្រហារទៅលើភូមិ ។

តាមប្រភពពីអង្គការសហប្រជាជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤៥,០០០ នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅក្នុងខេត្ត Deraa ភាគខាងត្បូងប្រទេស ឆ្ពោះទៅកាន់ហ្ស៊កដានី៕

មតិយោបល់