ព័ត៌មានជាតិ

រថយន្តពីរគ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តទាំង២រងការខូចខាតទាំងសងខាងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃច័ន្ទ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងផ្លូវ ប៉ាស្ទ័រ សង្កាត់ បឹងកេងកងទី១ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយថៅកែជាជនជាតិចិនបើករថយន្តម៉ាកតូយ៉ូតាកូរ៉ូឡា ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AN-9437 បើកតាមបណ្តោយផ្លូវ៥១ ទិសដៅពីជើងមកត្បូង ហើយខាងភាគីរថយន្តកូរ៉ូឡានោះអះអាងថាដល់ពេលស្តុបបៃតងខាងរថយន្តកូរ៉ូឡាក៏បើកឆ្លងផ្លូវជិតផុតហើយស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកមាស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4670 បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនស្រាប់តែត្រូវរថយន្តកូរ៉ូឡាបុកយ៉ាងពេញទំហឹងបណ្តាលឲ្យវិលមួយជុំរងការខូចខាតផ្នែកចំហៀងខាងឆ្វេងរថយន្ត។ រីឯរថយន្តកូរ៉ូឡាធ្លាក់កាងខាងមុខតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍មកដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងចចារគ្នាតែមិនត្រូវគ្នាក៏ហៅសមត្ថកិច្ចជំនាញឲ្យមកវាស់វែងយករថយន្តទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់