ភ្នំពេញៈ ក្រោយពីសាកសួរកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ លោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ស្ត្រីខ្មែរ ៣៣នាក់ ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពាក់ព័ន្ធសំណុំរឿងពពោះជំនួស យកកូនលក់ទៅបរទេស។
លោកចៅក្រម កោ វណ្ឌី បានប្រាប់អ្នកសាព័ត៌មានប្រចាំសាលាដំបូងរាជធានីភ្នំពេញថា ស្ត្រីខ្មែរចំនួន ៣៣នាក់ ត្រូវបាន លោកសម្រេចឃុំខ្លួន ពីបទ ជួញដូរមនុស្សដោយឆ្លងដែន និងបទអន្តរការរវាង អ្នកសុំកូន និងស្ត្រីពពោះ យោងតាមមាត្រា ១៦ នៃច្បាប់ ស្តីពីការបង្រ្កាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រម បានបង្ហើបថា ស្ត្រីជនជាប់ចោទទាំង ៣៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ឃុំខ្លួនក្នុងមន្ទីរទេព្យ ដើម្បីងាយស្រួលតាមដាន និងពិនិត្យសុខភាពពួកគេ។
ពាក់ព័ន្ធរឿងនេះដែរ មន្ត្រីពន្ធនាគារព្រៃស បានឲ្យដឹងថា បច្ចុប្បន្ន ស្ត្រីទាំង ៣៣នាក់ ស្ថិតនៅមន្ទីរពេទ្យ ១៦៨ ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ស្ត្រីខ្មែរទាំង ៣៣នាក់ ត្រូវបានតុលាការបង្គាប់ឲ្យនាំខ្លួន អង្គការមេត្រីអន្តរជាតិ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ កាលពីរសៀលថ្ងៃម្សិលមិញ។
សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាសម្រេចឃុំខ្លួន ជនត្រូវចោទប្រុសស្រី ៥នាក់ ក្នុងនោះមានបុរសចិនម្នាក់ ពីបទ ជួញដូរមនុស្សដោយឆ្លងដែន និងបទ អន្តរការរវាង អ្នកសុំកូន និងស្ត្រីពពោះ យោងតាមមាត្រា ១៦ នៃច្បាប់ ស្តីពី ការបង្រ្កាបការជួញដូរមនុស្ស និងការពារអនីតិជន និងយោងតាមមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ ដូចគ្នានេះដែរ។
ជនត្រូវចោទ ដែលត្រូវតុលាការសម្រេចឃុំខ្លួនចំនួន ០៥នាក់៖
-ទី១ឈ្មោះ LlU QlANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន ជាមេការ
-ទី២ ឈ្មោះ ស្វាយ សុីណុច ហៅ សី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ជាមេការ
-ទី៣ ឈ្មោះ នឿន ស្រីឡាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាមេការ
-ទី៤ឈ្មោះ លឹម សុភាព ហៅ ស្ដើង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបកប្រែ
-និងទី៥ឈ្មោះ ថៃ ភាព ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ជាមេការ។
គួររំលឹកថា កម្លាំងសមត្ថកិច្ចចំរុះ ដឹកនាំលោក លោក វរសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន និងមានការសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង គុជ គឹមឡុង បានចុះបង្ក្រាបទីតាំង ជួលស្ត្រីខ្មែរពពោះជំនួស កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ២អា និង៩អា ក្រុម ៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាប នោះ សមត្ថកិច្ច ឃាត់ខ្លួនបាន ជនត្រូវចោទទាំង ៥នាក់ខាងលើ និងមនុស្សពាក់ព័ន្ធក្នុងរង្វង់ប្រតិបត្តិការជិត ៤០នាក់ និងដកហូតបានវត្ថុតាងមួយចំនួន៖
-រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6883 ចំនួន ០១គ្រឿង
-ម៉ូតូ ម៉ាកហុងដា Today ពណ៌ខ្មៅ ចំនួន០១គ្រឿង
-រថយន្តគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 ចំនួន ០១គ្រឿង
-រួមនិង ឯកសារ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនធំ៕
មតិយោបល់