កណ្តាលៈ មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៥ចំនួន១៣២រូប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល។
ពិធីនេះធ្វើឡើងនៅសាលប្រជុំទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៦០៥ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សែ សារឿន ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី តំ វៃ ស្នងការរង នាយ-នាយរងការរិយាល័យបុគ្គលិកខេត្ត លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នាយ-នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន និងមន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៥ ជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិកខេត្តបានឲ្យដឹងថា មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦០៥ ដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នៅពេលនេះមានចំនួន១៣២រូប ក្នុងនោះប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន០៥រូប និងបំពាក់ឋានន្តរសក្តិចំនួន១២៨រូប។ ថ្នាក់អនុសេនីយ៍ឯក០២រូប អនុសេនីយ៍ទោ១០រូប, អនុសេនីយ៍ត្រី៤៤រូប, ព្រិន្ទបាលឯក៦៧រូប និងព្រិន្ទបាលទោ០៤រូបផងដែរ។
ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនៅថ្ងៃនេះ គឺជាផ្លែផ្កាដែលបានកើតចេញពីស្នាដៃពិតប្រាកដ ក្នុងការសម្រេចភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋ ដែលថ្នាក់លើប្រគល់ឲ្យ។ ដូច្នេះមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីអនុវត្តន៍ការងារ ភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានជំរុញឲ្យមន្ត្រីនគរបាលទាំងអស់ខិតខំផ្លាស់ប្តូរវេនចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការនិងបង្រ្កាបបទល្មើសទាន់ពេលវេលា។ ក្រៅពីការងារជំនាញមន្ត្រីនគរបាលទាំងអស់ត្រូវខិតខំរៀនសូត្រប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នដូចជា បណ្តាញសង្គម Facebook, WhatApp, Line, Viber និងTelegram។ ប្រព័ន្ធបច្ចេកវិទ្យាទាំងនេះវាជួយដល់កងកម្លាំងងាយស្រួលក្នុងការ ផ្ញើបាយការណ៍ រូបភាព វីដេអូសកម្មភាពផ្សេងៗ ដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនថ្នាក់លើបានជ្រាបទាន់ពេលវេលា។
ជាចុងបញ្ចប់លោកវរសេនីយ៍ឯក លុយ ធៀម មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥បានឡើងថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដែលឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥នៅថ្ងៃនេះ៕
មតិយោបល់