ភ្នំពេញៈ ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ងិន ពេជ្រ តំណាងអយ្យការ បានសម្រេចចោទប្រកាន់និស្សិតជាជនដៃដល់ ដែលបានចាក់សម្លាប់ស្ត្រីយោធាពាក់ស័ក្តិ៣ ជាច្រើនកាំបិត នៅខណ្ឌទួលគោក ជាផ្លូវការហើយ។ តំណាងអយ្យការបានចោទប្រកាន់ជនដៃដល់ពីបទ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
នគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ម៉ី គឹមហេង ហៅឧត្តម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជានិសិត្ស ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវលេខ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ លី ដាវី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីយោធា ឋានៈអនុសេនីយឯក(ស័ក្តិ៣) នៃក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ៣២បេ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់ផ្ទះជនដៃដល់។
គួររំឭកថា ស្ត្រីជាយោធាម្នាក់ ពាក់ស័ក្ដិ៣ នៅក្រសួងការពារជាតិ ត្រូវបានជនសង្ស័យចាក់សម្លាប់យ៉ាងសាហាវនៅកណ្ដាលទីសាធារណៈ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៩ កែងផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនត្រូវចោទ ម៉ី គឹមហេង ត្រូវបានសមត្តកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២១០៦ នៅផ្ទះនៅក្បែរទីតាំងកើងហេតុ ដោយដកហូតវត្ថុតាងមានម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-5664 ដែលជាមធ្យោបាយរបស់ជនដៃដល់ជិះធ្វើសកម្មភាព។
ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា ករណីឃាតកម្មនេះ គឺផ្តើមចេញពីជម្លោះកាលពីជាង២ឆ្នាំមុន ដែលជនរងគ្រោះបានស្តោះទឹកមាត់ដាក់ជនដៃដល់ ទើបធ្វើឲ្យមានកំហឹងរហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យឈានដល់ចាក់សម្លាប់ជនរងគ្រោះតែម្តង។ ប្រភពបន្តថា ជនត្រូវចោទអាចជាមនុស្សដែលមានបញ្ហាផ្លូវចិត្តផងដែរ ព្រោះជនសង្ស័យមានសម្ដីសំដៅហាក់ខុសប្លែកពីមនុស្សធម្មតា ដែលកក្តានេះក៏អាចជា ដើមចមរុញច្រានឲ្យជនសង្ស័យហ៊ានចាក់សម្លាប់នារីរងគ្រោះផងដែរ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានតំណាងអយ្យការបញ្ជូនសំណុំរឿងទៅកាន់លោក កែវ មុនី ចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី៕
https://youtu.be/AmqhFdmAqqA
https://youtu.be/e9bbS04vEI4
https://youtu.be/sEiqQ2dsPGY
https://youtu.be/dZ0c0W0SzmM
មតិយោបល់