ព័ត៌មានជាតិ

ខ្លាំងបាត់! ចោរឆក់កាបូបជនជាតិចិនមិនបានសម្រេច ឡើងក្រឡាប់កង់បី រត់គេចខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿង

ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ បានជិះម៉ូតូប៣គ្រឿងទៅធ្វើសកម្មភាពឆក់កាបូបពីជនជាតិចិនដែលជិះរម៉កកង់បីមិនសម្រេចបណ្តាលរម៉កកង់បីក្រឡាប់។ ចំណែកឯក្រុមជនសង្ស័យបានជិះរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងកើតស្តុបវត្តអង្កតាមិញប្រមាណ៥០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីពីបុរសម្នាក់ឈ្មោះ ឡេង គីមហុង អាយុ៥០ឆ្នាំ ជាអ្នកបើកម៉ូតូរម៉កកង់បីបានរាប់រៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកម៉ូតូរម៉កកង់បីមួយគ្រឿង តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត ដោយដឹកបុរសជាជនចិនម្នាក់ ទើបតែចេញមកពីអាកាសយានដ្ឋានពោធិ៍តុងបំណងទៅម្តុំបឹងត្របែក។ លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦អ្នកជិះម៉ូតូ៣គ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HB-2997 និង២គ្រឿងទៀតមិនចាំម៉ាក ដោយជិះមកពីក្រោយ ហើយក៏បានធ្វើសកម្មភាពឆក់កាបូបយួដៃពីបុរសជាជនជាតិចិនដែលជិះម៉ូតូរម៉កកង់បីតែមិនបានសម្រេចបណ្តាលឲ្យម៉ូតូរម៉កកង់បីក្រឡាប់ផ្ងារជើងទៅលើម៉ូតូរបស់ជនសង្ស័យមួយគ្រឿងខាងលើដួលទៅចូលទឹកធ្លុកដែលនៅតាមចិញ្ចើមផ្លូវ និងបណ្តាលឲ្យអ្នកបើកបររួមទាំងបុរសជាជនជាតិចិនរងរបួសស្រាល។
ភ្លាមៗនេះដោយក្រុមជនសង្ស័យភ័យស្លន់ស្លោក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយម៉ូតូរបស់ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់