ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់ នៅចំណុចផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សាម៉ុន សាមាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិអង្គព្រះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។
តាមការឲ្យដឹងពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញមកបត់ជើងតូច រួចក៏លឺសំឡេងបុកប្រាវ ពេលឭដូច្នេះគាត់ក៏រត់មកមើល ស្រាប់តែឃើញរថយន្តបើកចេញយ៉ាងលឿន ចំណែកម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-8460 រួមទាំងម្ចាស់ម៉ូតូគៀបជាប់នឹងម៉ូតូបោកក្បាលទៅនឹងថ្នល់ ទើបគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យមកអន្តរាគមន៍តែម្តង ។
បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួចសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវរករថយន្តបង្កនិងដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕
https://www.youtube.com/watch?v=e4tHHN3H3LQ
មតិយោបល់