ប៉ៃលិនៈ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ មានករណីចោរឆក់ទូរស័ព្ទដៃ នៅក្បែរផ្ទះសំណាក់ ពេជ្រ សំណាង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកកាវ៉ាសាគី(Kawasaki Z250) ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ រួចគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យនគរបាលកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានធ្វើការដេញចាប់ពីខេត្តប៉ៃលិន រហូតដល់មុខអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់៖ ទី១ឈ្មោះ ភាព សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្នក្នុងភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង(អ្នកឆក់)។ និងទី២ឈ្មោះ វាសនា វណ្ណា (ហៅ ធីត) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យមុនីវង្ស ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្នក្នុងភូមិអូរតាគាំ២ ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នកបើកបរម៉ូតូ)។
វត្ថុតាងក្នុងករណីខាងលើនេះរួមមាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក Iphone 6 Plus ពណ៌ទឹកមាស(របស់ជនរងគ្រោះ) និង១គ្រឿងទៀត ម៉ាក Nokai (ចុចពិល) ពណ៌ខ្មៅ ,ម៉ូតូ១គ្រឿង ម៉ាកកាវ៉ាសាគី (Kawasaki Z250) ពណ៌ខ្មៅ គ្មានស្លាកលេខ។
ចំណែកជនរងគ្រោះមានឈ្មោះ ដេង យ៉ិន (ហៅ ស្រីលាក់) ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ លក់ខោអាវ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ករណីខាងលើនេះ កម្លាំងជំនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកំពុងចាត់ការទៅតាមនីតិវិធី៕
មតិយោបល់