ព័ត៌មានជាតិ

ពិធីបំពាក់គ្រឿងឥស្សរិយយសជាតូបការជូនលោក Emmanuel Ménanteau អតីតអគ្គនាយកក្រុមហ៊ុន Cambodia Airports

ភ្នំពេញៈ លោក ហ្សង់ ក្លូដ ពាំបឺហ្វ (Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសជាតូបការថ្នាក់អស្សឫទ្ធិជូនដល់លោក អេម៉ានុយអែល មេណង់តូ (Emmanuel MENANTEAU) អតីតអគ្គនាយកក្រុមហ៊ុន Cambodia Airports ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនបារាំង VINCI Airports។ ពិធីនេះបានប្រព្រឹត្តទៅនៅស្ថានទូតបារាំងក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី យឹម ណុលឡា លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងតំណាងសហគមន៍ធុរកិច្ចបារាំង និងអឺរ៉ុប រួមទាំងក្រុមគ្រួសាររបស់លោក MENANTEAU ផងដែរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោក មេណង់តូ ក្នុងការពង្រឹងសក្តានុពលសេដ្ឋកិច្ចបារាំងនៅកម្ពុជា ជាពិសេសតាមរយៈការពង្រីកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសៀមរាប ដែលបានបញ្ចប់កាលពីខែមីនា កន្លងទៅ។ ជាមួយកំណើនអ្នកធ្វើដំណើរ១០%ក្នុងមួយឆ្នាំ ក្រុមហ៊ុន Cambodia Airports ដែលមានវត្តមាននៅកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ កំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលមានវិស័យទេសចរណ៍ជាសសរទ្រូងសំខាន់មួយ។

លោកឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ផងដែរ អំពីការខិតខំប្រឹងប្រែងរបស់លោក មេណង់តូ ក្នុងការលើកស្ទួយ និងកៀងគរសហគមន៍ធុរកិច្ចបារាំង និងអឺរ៉ុបនៅកម្ពុជា។ ក្រៅពីមុខងារជាទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារាំងប្រចាំកម្ពុជា លោកបានដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ ក្នុងទិសដៅពង្រឹងសក្តានុពលសេដ្ឋកិច្ចអឺរ៉ុបនៅកម្ពុជា។

ជាងនេះទៅទៀត ក្នុងនាមជាសមាជិកសកម្មនៃសហគមន៍បារាំង លោក មេណង់តូ បានធ្វើការគាំទ្រយ៉ាងខ្លាំងក្លាចំពោះសកម្មភាពវប្បធម៌ ឬ សង្គម ធ្វើឡើងនៅកម្ពុជាដោយអង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានបារាំងនៅកម្ពុជា និងសមាគមបារាំងនៅកម្ពុជា។

មេដាយជាតូបការត្រូវបានបង្កើតឡើងដោយលោកឧត្តមសេនីយ៍ ដឺហ្គោល ក្នុងឆ្នាំ១៩៦៣ ដើម្បីបំពាក់ជូនឥស្សរជនបារាំង និងបរទេសទាំងឡាយណាដែលមានស្នាដៃលេចធ្លោសម្រាប់ប្រទេសបារាំង៕

មតិយោបល់