ក្រចេះ: បុរសម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ ត្រូវលង់ទឹកស្លាប់ ខណៈពេលដែលដឹកអុសតាមទូកពីត្រើយម្ខាងស្រុកឆ្លូង ខេត្តក្រចេះ ដោយមូលហេតុទូកលិចដាក់អុសលើសចំណុះ ។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ និងរាយការណ៍មកសមត្ថកិច្ចកាលពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវាលស្រែចក (ទឹកស្រែនោះជម្រៅ ២,៤០ ម៉ែត្រ ដែលវាឡើងមកពីព្រែកឆ្លូង) ស្ថិតក្នុងចំងាយ ១៥០០ ម៉ែត្រ ពីភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បើយោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនោះម៉ោងប្រម៉ាណជា ០៧និង ៣០ នាទី ជនរងគ្រោះ និងគ្នីគ្នា ០៤ នាក់ទៀតបាននាំគ្នាជិះទូកមួយគ្រឿងឆ្លងទៅរកអុសនៅត្រើយម្ខាងក្នុងទឹកស្រុកឆ្លូង ខេត្តក្រចេះ ។ លុះរហូតម៉ោង ១១ថ្ងៃ.ខែ.ឆ្នាំដដែល ពួកគេរកអុសបានច្រើនល្មមគ្រប់គ្រាន់គ៏នាំគ្នាលើកអុសនោះដាក់លើទូក រួចក៏ឡើងទូកទាំងអស់គ្នាអ៊ុទូកឆ្លងមកវិញ ប៉ុន្តែជាអកុសលលុះមកដល់ចំណុចកើតហេតុខាងលើទូកនោះក៏បានលិចបាត់ទៅក្នុងទឹកតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ៖ ខណៈដែលទូកនោះលិចពួកគេបានខំប្រឹងប្រែងហែលទឹក និងស្រែកឲ្យប្រជានេសាទក្បែរនោះគេជួយ ។ ប៉ុន្តែប្រជានេសាទជួយសង្គ្រោះបានតែមនុស្ស៤ នាក់ប៉ុណ្ណោះ ។ ចំណែកឯជនរងគ្រោះនោះមិនចេះហែលទឹកទេ ទើបធ្វើឲ្យលិចទៅក្នុងទឹកលង់ស្លាប់តែម្តង ។
បច្ចុប្បន្នជនរងគ្រោះដែលលង់ទឹកស្លាប់នោះមានឈ្មោះ យូ ភា ភេទប្រុស អាយុ ២៤ ឆ្នាំ ជាតិខ្មែរ នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមគ្រួសារតំកល់សាកសពនៅគេហដ្ឋានធ្វើបុណ្យតាមប្រពណីជាតិខ្មែរ ៕
មតិយោបល់