ភ្នំពេញៈ ជារៀងរាល់ថ្ងៃហើយដែលមានករណីចោរឆក់នៅក្នុងទឹកដីខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញនេះ ជាក់ស្ដែងជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ Iphone ពីស្ដ្រីម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច ត្រូវយុវតីរងគ្រោះស្រែក រួចជិះគេចខ្លួនរហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន រួចវាយខ្នោះយកមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង។
ករណីឆក់ទូរសព្ទនេះបានកើតឡើងកាលបីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ហើយត្រូវឃាត់បាននៅជាប់របងសាលាកូលាប គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ រិទ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំគៀនស្វាយ ខេត្តកណ្តាល ដែលជិះម៉ូតូ Smash ស៊េរីចាស់ (មិនចាំស្លាកលេខ) ។ ចំណែកទូរសព្ទ Iphone 6Plus បានប្រគល់ជូនយុវតីរងគ្រោះវិញហើយ ដែលជិះម៉ូតូ Icon មានទីលំនៅក្នុងរាជធានីភ្នំពេញ ។
យោងតាមសម្ដីរបស់យុវតីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានកំពុងបើកម៉ូតូ Icon តែម្នាក់ឯងដោយធ្វើដំណើរពីផ្សារកណ្ដាល ទិសដៅពីត្បូងទៅជើង ខណៈដែលកំពុងដោតកាស និយាយទូរសព្ទុជាមួយម៉ាក់របស់នាង មិនដឹងថាមានជនសង្ស័យជិះតាមគាត់មកពីណាទេ លុះមកដល់ចំណុចកើតហេតុ ម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ Smash មួយគ្រឿង មិនចាំស្លាកលេខ មកអែបក្បែរនាង ហើយធ្វើសកម្មភាពឆក់ទូរសព្ទ តែមិនបានសម្រេចទេ ព្រោះប្អូនស្រីក្រឡេកឃើញទាន់ រួចគេចផុត ភ្លាមនោះជនសង្ស័យបានព្យាយាមជិះគេចខ្លួន ចំណែកឯប្អូនស្រីស្រែក ចោរៗ ឆោឡោផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងអាវុធហត្ថដែលស្លៀកពាក់ស៊ីវិល នាំគ្នាជួយដេញតាម រហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ និងអាវុធហត្ថខណ្ឌដូនពេញ ស្ទាក់ចាប់បាន រួចវាយខ្នោះយកមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង
ក្រោយពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បាននាំជនសង្ស័យឡើងរថយន្តសារ៉ែនរបស់អធិការរងនគរបាលខណ្ឌដូនពេញ យកទៅធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់