ព័ត៌មានជាតិ

ជំនួបរវាងកម្ពុជា-បារាំង ដើម្បីពង្រឹងនូវទំនាក់ទំនងលើវិស័យសុខាភិបាល

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះលោក Dr Philippe Douste Blazy អតីតរដ្ឋមន្រ្តីសុខាភិបាល និងជាអតីតក្រសួងការបរទេសបារាំង បានចូលជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងបំណងសុំឲ្យកម្ពុជា គាំទ្រលោកជាអគ្គនាយកអង្គការសុខភាពពិភពលោក។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា លោក Dr Philippe Douste Blazy បានគូសបញ្ជាក់ថា លោកបានធ្វើដំណើរមកកាន់បណ្តាប្រទេសអាស៊ី-អាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ឲ្យជួយបោះឆ្នោតគាំទ្រលោកធ្វើជាអគ្គនាយកអង្គការសុខភាពពិភពលោក។

ក្នុងជំនួបនេះ លោក Dr Philippe Douste Blazy បានប្រាប់ពីបទពិសោធន៍ និងតួនាទីរបស់លោក ដែលធ្លាប់បានធ្វើជារដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំង រហូតដល់ទៅពីរលើក ហើយក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសបារាំង ទៅលើអង្គការសុខភាពពិភពលោកផងដែរ។

ឆ្លើយតបសំណើនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជា នឹងពិនិត្យពិចារណា ដោយយកចិត្តទុកដាក់ទៅលើការគាំទ្រលោក Dr Philippe Douste Blazy ជាអគ្គនាយកអង្គការសុខភាពពិភពលោក។

ក្រៅពីការពិភាក្សាស្វែងរកគាំទ្រពីកម្ពុជាហើយនោះ ក្នុងជំនួបនេះ ក៏បានពិភាក្សាពីការពង្រឹងនូវទំនាក់ទំនងកម្ពុជា-បារាំង ជាពិសេសលើវិស័យសុខាភិបាលនៃប្រទេសទាំងពីរផងដែរ៕

មតិយោបល់