ភ្នំពេញៈ ទីបំផុតទៅ បុរសចិន ដែលប្រើហិង្សាលើសង្សារខ្លួនឯង ឲ្យរងរបួសនៅក្នុងសណ្ឋាគារ ឡឺម៉ុង ក្នុងខណ្ឌចំការមនត្រូវបាន លោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យដាក់គុកហើយ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ នេះបើយោងតាមសមត្ថកិច្ច។
ប្រភពបញ្ជាក់ថា បុរសជាជនជាតិចិនត្រូវបានលោកស្រី ស៊ឺ វណ្ណនី ចោទប្រកាន់ពីបទ ហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីពាក់កណ្តាលយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចសណ្ឋានគារយីហោឡឺម៉ុង តាមបណ្តោយផ្លូវ១៤៣ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនជនរងគ្រោះ២នាក់ ទទួលដំណឹងថា បុរសជនជាតិចិន ដែលជាសង្សាររបស់នារីរងគ្រោះ បានវាយធ្វើបាបនាងនៅក្នុងសណ្ឋាគារឡឺម៉ុងខាងលើនេះ ហើយបងប្អូនជនរងគ្រោះនោះ បានមកប្តឹងឲ្យសមត្ថកិច្ចទៅដោះស្រាយ នៅក្នុងសណ្ឋាគារភ្លាមៗផងដែរ ។
លុះពេលដែលសមត្ថកិច្ច និងបងប្អូននារីរងគ្រោះទៅដល់សណ្ឋាគារ ហើយបានឡើងទៅហៅ បុរសជនជាតិចិន និងនារីរងគ្រោះ ឲ្យចុះមកក្រោម ដើម្បីនិយាយដោះស្រាយគ្នា ស្រាប់តែបុរសជនជាតិចិនរូបនោះ(ជនដៃដល់) ឃើញសមត្ថកិច្ចហើយ នៅតែមិនខ្លាចសមត្ថកិច្ចទៀត ក៏បានវាយទៅលើនារីរងគ្រោះមួយដៃបន្ថែមទៀត ទើបសមត្ថកិច្ចឃើញជាក់ស្តែងដូចច្នេះ ចាប់វាយខ្នោះបញ្ជូនយកទៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ដើម្បីសួរនាំតែម្តង៕
មតិយោបល់