ព័ត៌មានជាតិ

ស្រ្តីម្នាក់ដែលយកស្កុតរុំមាត់កូនដែលល្បីពេញហ្វេសប៊ុសនោះ ធាតុពិត លេងសើចជាមួយកូនស្រីទេ

ភ្នំពេញៈ ក្រោយពីបែកធ្លាយវីឌីអូរ រូបភាពស្រ្តីម្នាក់យកស្កុតរុំមាត់កូន ហើយត្រូវបានអ្នកលេងបណ្តាញសង្គម ចែករំលែកតៗគ្នា និងធ្វើការរិះគន់តាមរូបភាព ទៅលើស្រ្តីជាម្តាយ ដែលហាក់បីដូចជាធ្វើទារុណកម្មមកលើកូនប្រុស (តាមរូបភាព) ដូចជាសាហាវ គ្មានក្តីមេត្តា អាណិត ស្រទ្បាញ់ ជាកូនកើតពីផ្ទៃខ្លួននោះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្រ្តីខាងលើ ក៏ត្រូវបានសមត្ថកិច្ច ទៅតាមហៅអញ្ជើញដល់ផ្ទះ ដើម្បីធ្វើការសាកសួរនៅប៉ុស្តិ៍គោកឃ្លាង ទើបភ្ញាក់ខ្លួន ស្រឡាំងកាំង រឿងរូបភាពរុំស្កុតមាត់កូននោះ មិនមែនកូនប្រុសទេ ជាកូនស្រី ដែលបានថតអស់រយៈពេលជាង៦ខែកន្លងមកហើយ ។

ក្រោមវត្តមានទាំងគ្រួសារតែម្តង រួមទាំងកូនស្រីម្នាក់នោះផងដែរ នៅប៉ុស្តិ៍ប៉ូលសស្រ្តីខាងលើ បានឲ្យដឹងថា គាត់មានឈ្មោះ សុទ្ធ ធារី អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ មានប្តីឈ្មោះ ឈឹម វីរៈ អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានកូនចំនួន២នាក់ ប្រុស អាយុ៧ឆ្នាំ ស្រីអាយុ១ខួប៦ខែ មានឈ្មោះ ផល លីណា ។

តាមការរៀបរាប់ របស់ស្រ្តីជាម្តាយ បានឲ្យដឹងថា កាលពីអំឡុងជាង៦ខែមុន គ្រាដែលកូនស្រីគាត់អាយុទើប១ខួប នាងជាក្មេងរពឹស ខណៈដែលក្រុមគ្រួសារ នៅជុំគ្នាទាំងអស់ ដោយលេងជាមួយកូន គាត់ក៏បាន យកស្កុតរុំមាត់ កូនស្រីពៅរបស់គាត់លេង មិនមែនកូនប្រុស ដូចអ្នកលេងបណ្តាញសង្គមឃើញរូប ហើយថានោះទេ ដោយគាត់បានបញ្ជាក់ថា សកម្មភាពគាត់ធ្វើនោះ ក្នុងចេតនា លេងជាមួយកូន នៅចំពោះមុខក្រុមគ្រួសារជុំគ្នាទាំងអស់ ហើយត្រូវបានប្អូនប្រុសបង្កើតឈ្មោះ សុទ្ធ មុន្នី អាយុ២៤ឆ្នាំ យកទូរស័ព្ទរបស់គាត់ ម៉ាកIphone7Plush ពណ៌ខ្មៅ មកថតលេង ហើយក៏មិនបានបង្ហោះហ្វេសប៊ុកទៅណាដែរ ក៏ប៉ុន្តែបានប្រមាណជាកន្លះខែក្រោយ ប្អូនប្រុសជាអ្នកថតរូបភាពនោះ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសបោកក្បាលដល់សន្លប់ បាត់បង់ទាំងលុយកាក់ បាត់ទាំងទូរស័ព្ទ I Phone 7Plush មួយគ្រឿងរបស់គាត់នោះទៀតផង ឆ្លងកាត់រយៈពេលជាង៦ខែមកហើយ ទើបតែក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ស្រាប់តែបែកធ្លាយ រូបដែលគាត់យកស្កុតរុំមាត់កូននោះ មកបង្ហោះលើបណ្តាញសង្គម ព្រោងព្រាត ថែមទាំងមានមតិរិះគន់ផង លុះរហូតមកដល់ព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ប៉ូលិសប៉ុស្តិ៍ ចុះទៅតាមហៅដល់ផ្ទះ សួរនាំរូបភាពខាងលើ ទើបភ្ញាក់ខ្លួនព្រើត មិននឹកស្មានថា រូបភាពតាំងពីជាង៦ខែមុន ហើយក្រោយពីបាត់ទូរស័ព្ទ ទើបមកបែកធ្លាយពេលនេះ ។

តាមស្រ្តីជាម្តាយបង្កើតឈ្មោះ ហួន នឿន អាយុ៥៨ឆ្នាំ រស់នៅជាមួយគ្នា បានឲ្យដឹងថា ពេលដែលម្តាយលេងរុំស្កុតមាត់កូន ហើយត្រូវបាន កូនប្រុសគាត់ម្នាក់ទៀត ថតលេងនោះ គាត់និងក្រុមគ្រួសារ នៅជុំគ្នាទាំងអស់ ហើយសកម្មភាពលេងជាមួយកូននេះ មិនមែន ម្តាយធ្វើទារុណកម្មកូនទេ គាត់ហ៊ានអះអាងចំពោះមុខសមត្ថកិច្ច ។
ដោយមានមតិរិះគន់ច្រើន ក្នុងបណ្តាញសង្គម តាមរូបភាពត្រូវបានគេបង្ហោះនោះ ទោះជាសម៉ីខ្លួន រួមទាំងក្រុមគ្រួសារ អះអាងនៅចំពោះមុខសមត្ថកិច្ចក្តី ស្រ្តីខាងលើត្រូវបាន សម្តែងនូវការសូមទោស ជាសាធារណៈ ហើយសមត្ថកិច្ច ក៏មិនបានឃាត់ឃាំងអ្វីដែរ ក្រោយសូមទោសរួច អនុញាតិឲ្យវិលត្រឡប់ទៅវិញ ៕

មតិយោបល់