ភ្នំពេញៈ ពិតជាគួរឲ្យអាសូរស្ត្រីម្នាក់បានដេកឆ្លងទន្លេចេញបានតែក្បាលទារក នៅក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋតាមចញ្ចើមផ្លូវលេខ១៥ កែងផ្លូវលេខ១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងកាលវេលាម៉ោង១០និង៥៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ស្ត្រីដែលរងការឆ្លងទន្លេមិនរួចខាងលើនេះ មានទីលំនៅផ្ទះជួលពីរនាក់ប្ដី នៅក្បែរកន្លែងកើតហេតុ តែពួកគាត់មិនស្គាល់ឈ្មោះច្បាស់របស់ស្ត្រីឆ្លងទន្លេខាងលើនោះទេ គ្រាន់តែធ្លាប់លឺប្ដីរបស់គាត់ហៅថា ( ប្រពន្ធសង្វិត ) ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅយប់កើតហេតុ ប្ដីរបស់ស្ត្រីខាងលើនោះបានចេញទៅធ្វើការឆ្ងាយ ដោយទុកប្រពន្ធឲ្យដេកនៅម្នាក់ឯងទាំងគាត់ដល់ថ្ងៃឆ្លងទន្លេ ។ ហើយនៅពេលដែរស្ត្រីរូបនោះឈឺពោះឆ្លងទន្លេក្នុងបន្ទាប់ ក៏មានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយដឹករូបគាត់ដែរ តែដោយសារយូរពេក អ្នកជិតខាងក៏បីស្ត្រីរូបនោះចេញមកក្រៅដើម្បីបញ្ចូនទៅមន្ទីរពេទ្យតែម្ដង ដោយសារស្ថានភាពរបស់ស្ត្រីរូបនោះបានបែកទឹកភ្លោះ អ្នកដែលបីរូបគាត់ក៏បានដាក់រូបគាត់ចុះនៅចញ្ចើមផ្លូវក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ រួចស្ត្រីរូបនោះក៏សម្រាលចេញបានក្បាលទារកតែម្ដង ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលនោះប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីតពេទ្យឯកជន និងរថយន្តមន្ទីរពេទ្យរដ្ឋ អស់រយៈពេលជិតកន្លះម៉ោង ទើបមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត ចុះមកដឹកស្ត្រីដែលឆ្លងទន្លេមិនចេញរូបនោះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
នៅក្នុងហេតុការណ៍នោះ មានមតិប្រជាពលរដ្ឋជាច្រើនបានរិះគន់ទៅលើរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនយ៉ាងខ្លាំង ដោយរថយន្តសង្គ្រោះទាំងនោះគឺដឹកអ្នករងគ្រោះចង់បានតែប្រាក់ប៉ុណ្ណោះ ដោយដឹងថាស្ថានភាពជនរងគ្រោះខ្វះខាត និងទំនងក្រខ្សត់ គឺមិនចេញរថយន្តមកដឹកទេ តែបើករណីគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវវិញ គឺដណ្ដើមបើកប្រដេញគ្នាដូចអ្នកប្រណាំងរថយន្តអញ្ចឹង ព្រោះបានសេវាច្រើន រីឯរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យរដ្ឋ គឺអាងតែរថយន្តសង្គ្រោះបន្ទាន់ឯកជនចុះទៅដឹកតែប៉ុណ្ណោះ ព្រោះចុះទៅដឹកអ្នកជំងឺមិនសូវបានប្រាក់ផ្ទាល់ខ្លួនទេ ៕
មតិយោបល់