ព័ត៌មានជាតិ

លោកប៉ា សុជាតិវង្ស ស្នើឲ្យអាជ្ញាធរខណ្ឌ និងក្រុមយុវជនជួយស្រង់ស្ថិតិពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេល១០០ថ្ងៃ

ភ្នំពេញ: អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ និងក្រុមយុវជនជួយស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានរួចរាល់ក្នុងរយ:ពេល១០០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ មិថុនាកន្លងមកនេះ ក្រោយពីការស្រង់ស្ថិតិហើយ យើងត្រូវបន្តធ្វើអត្តសញ្ញាណប័ណ្ណជូនពួកគាត់បន្តទៀត។

ពាក់ព័ន្ធនឹងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានស្នើឲ្យលោកចៅសង្កាត់សហការការគ្នាជាមួយស្ថាប័នប៉ូលិសលើកម៉ាស៊ីនធ្វើអត្តសញ្ញាណប័ណ្ណទៅធ្វើជូនសិស្សានុសិស្ស ដែលគ្រប់អាយុនៅតាមសាលារៀនតែម្តង ដោយមិនបាច់ឲ្យក្មួយៗមកធ្វើនៅប៉ុស្តិ៍ប៉ូលិសទៀតនោះទេ។ ក្នុងនាមអាជ្ញាធរត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចៀសឲ្យបានពីការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋក្នុងការផ្តល់សេវារដ្ឋបាលនេះ។

លោក ប៉ា សុជាតិវង្ស បានស្នើឲ្យអាជ្ញាធរអនុវត្តន៍ការងារដូចខាងលើនេះ កាលពីព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦ នៅក្នុងពិធីសម្ពោធសាលាធម្មសភា និងសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តតាំងរនាម ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងវិស័យសាសនានេះលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ទន្ទឹមនិងការរីកចម្រើននេះផ្នែកពុទ្ធចក្រ ក៏មានការរីកចម្រើនស្របជាមួយគ្នាផងដែរ។ លោកបន្តថា ការរីកចម្រើននៅក្នុងទីអារាមវត្តទៅបាន គឺផ្តើមពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋជឿទុកចិត្តហើយនោះប្រជាពលរដ្ឋ នឹងចូលរួមគ្នាក្នុងការអភិវឌ្ឍទីវត្តនោះហើយ។

លោក ប៉ា សុជាតិវង្ស បានប្រៀបធៀបប្រជាពលរដ្ឋពុទ្ធបរិស័ទទៅនិងទឹកទន្លេ ហើយវត្តអារាមប្រៀបបានទៅនិងទូក មានន័យថា បើទឹកឡើងទូកក៏ឡើងដែរ។ យ៉ាងណាមិញសម្រាប់វិស័យព្រះពុទ្ធសាសនា បើប្រជាពលរដ្ឋមានជីវភាពធូរធារនោះវត្តអារាមក៏មានការអភិវឌ្ឍទៅតាមនោះដែរ៕

មតិយោបល់