ព័ត៌មានជាតិ

កម្លាំងចម្រុះស្រុកកែវសីមាចុះឆែកឆេរ ឃ្លាំងស្តុកឈើដុះស្លែមួយកន្លែង និងរឹបអូសឈើប្រណីតបានជិត៤ម៉ែត្រគូប

មណ្ឌលគីរីៈ កម្លាំងសមត្ថកិច្ចចម្រុះស្រុកកែវសីមាមានទាំងមន្ត្រីរដ្ឋបាលព្រៃឈើផង បានចុះឆែកឆេរលំនៅឋានមួយកន្លែង ដែលគេស្គាល់ឈ្មោះថា មានម្ចាស់ឈ្មោះ សួស វ៉ូរ៉ា ហៅយ៉ាំង ជាមន្ទ្រីប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា និងជាមេឈ្មួញឈើដុះស្លែមួយរូបផងដែរ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១៣៥ ភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនឈានដល់សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការទៅលើផ្ទះឈ្មួញឈើខាងលើនោះ ដំបូងឡើយមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានក្នុងខេត្តមណ្ឌលគិរី ដោយអះអាងថា ខ្លួនបានឃើញបទល្មើសដឹកឈើប្រណីតដឹកតាមរថយន្តចូលក្នុងគេហដ្ឋានខាងលើមិនថា យប់ ឬថ្ងៃមិនលោះថ្ងៃណាមួយឡើយ។

ចំណែកលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ក្រោយពីបានទទួលដំណឹងពីអ្នកកាសែតរាយការណ៍ប្រាប់ក៏បានស្នើតាមរយៈទូរស័ព្ទឲ្យអ្នកសារព័ត៌មាន សូមចាំឃ្លាំមើល និងផ្តិតរូបភាពពីសកម្មភាពនៃបទល្មើសព្រៃឈើនោះឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើសេចក្ដីរាយការណ៍ជូនលោកឲ្យបានច្បាស់លាស់ លោកនឹងបញ្ជាកម្លាំងឲ្យចុះទៅបង្ក្រាប។ ប៉ុន្តែជាអកុសលកម្លាំងរដ្ឋបាលព្រៃឈើមិនទាន់មកដល់ផង ស្រាប់តែមានបក្ខពួកឈ្មួញឈើប្រមាណ៧នាក់ បានមកព័ទ្ធរថយន្ត និងចាប់ក្របួចកអាវរបស់អ្នកសារព័ត៌មានដោយបានប្រើសម្ដីខ្លាំងៗថា បើចង់បានលុយម៉េចមិនមកសុំឲ្យស្រួលបួល? បែរជាមកថតរូបផ្តេសផ្តាសអ៊ីចឹង ខណៈនោះមនុស្សទាំង៧នាក់ ដែលជាបក្ខពួករបស់ឈ្មួញឈើខាងលើ បានឆក់យកទូរសព្ទពីដៃអ្នកសារព័ត៌មានយកទៅលុបរូបភាពឯកសារផ្សេងៗ និងរូបសកម្មភាពរថយន្តមួយគ្រឿងដឹកឈើចូលទៅក្នុងផ្ទះឈ្មួញឈើរូបនោះ ដែលអ្នកសារព័ត៌មានព្យាយាមថតបានពីក្រៅរបងផ្ទះ ចោលគ្មានសល់ និងបានគំរាមមិនឲ្យអ្នកសារព័ត៌មានទៅណាឡើយ អស់រយៈពេលប្រហែល១ម៉ោងក្រោយ ទើបមនុស្សទាំង៧នាក់នោះចូលទៅក្នុងផ្ទះវិញ ដើម្បីធ្វើការជម្លៀសឡានឈើចេញពីលំនៅឋាន ដើម្បីបំបាត់ភស្តុតាង។

កាលពីមួយឆ្នាំមុនឃ្លាំងខាងលើក៏ធ្លាប់ត្រូវបានដីកាឆែកឆេរម្តងរួចមកហើយដែរ ដែលនេះជាលើកទី២ ក្នុងប្រត្តិបត្តការឆែកឆេរនៅតែឃើញបទល្មើសដដែល។

លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន និងដោយមានបទបញ្ជាពីលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរី ក្រុមសមត្ថកិច្ចចម្រុះ រូមនិងកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកែវសីមា ឈានចូលឆែកឆេរក្នុងលំនៅឋានមេឈ្មួញខាងលើ ដោយសម្រេចរកឃើញប្រណីតទាំងធំ ទាំងតូច សរុបទាំងអស់ចំនួន១១០ដុំ ស្មើនិងប្រមាណជិត៤ម៉ែត្រគូប ។ បច្ចុប្បន្នឈើទាំងនោះ ត្រូវបានដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកែវសីមា ដើម្បីចាត់ការតាមនីតិវិធីបន្ត។

រីឯអ្នកសារព័ត៌មានមួយរូប ដែលត្រូវបានក្រុមឈ្មួញឈើប្រើអំពើហិង្សាមកលើអះអាងថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃចន្ទនេះ៕

https://youtu.be/MLLgr1nluZE

មតិយោបល់