ព័ត៌មានជាតិ

បាញ់ទៀតហើយនៅខណ្ឌឬស្សីកែវ! មន្ត្រីនគរបាលម្នាក់ស្រវឹងជោកដកកាំភ្លើងបាញ់១គ្រាប់មិនដឹងមូលហេតុ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវព្យាយាមបិទបាំងព័ត៌មាន បញ្ជូនជនដៃដល់គេចពីអ្នកណាតាមទ្វារក្រោយ!!!!!

ភ្នំពេញៈ បុរសជាមន្រ្តីនគរបាលម្នាក់ស្រវឹងស្រាជោក ជិះម៉ូតូមួយគ្រឿងរេពេញផ្លូវរួចបានឈប់ម៉ូតូដកកាំភ្លើងបាញ់១គ្រាប់ ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតវត្តទួលអស់លោក តាមបណ្ដោយផ្លូវ៩៩ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលដែលដកកាំភ្លើងខ្លីបាញ់បោះសេរីរូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយសារមន្ត្រីនគរបាលរដ្ឋបាលសង្កាត់ឫស្សីកែវ មិនអនុញ្ញាតឲ្យសួរនាំឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រជាពលរដ្ឋម្នាក់ បានឃើញមន្ត្រីនគរបាលម្នាក់ស្រវឹងស្រាជោក ជិះម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ នគរបាល 1.12 13 ធ្វើដំណើរតាមបណ្ដោយផ្លូវ៩៩ ទិសដៅពីត្បូងទៅជើងដោយសភាពស្រវឹងផងនោះ ជិះម៉ូតូ រេឆ្វេង រេស្ដាំ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមន្រ្តីនគរបាលរូបនោះ ឈប់ម៉ូតូហើយបានដកកាំភ្លើង ខ្លីពីចង្កេះបាញ់ឡើងលើចំនួន ១គ្រាប់ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលនឹងភិតភ័យដល់ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចសង្កាត់ឬស្សីកែវ បានចុះទៅដល់កន្លែងកើតហេតុ ដោយបានដកហូតយកអាវុធខ្លី ១ដើម និងចាប់យកជនបង្កដែលបាញ់បោះសេរីនោះបានយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវភ្លាមៗ។ ហើយបានសួរនាំនិងធ្វើកំណត់ហេតុ ក្នុងរយៈពេលជាង ១ម៉ោង រួចសមត្ថកិច្ចបានដឹកជនបង្ក ដែលបាញ់បោះសេរីចំនួន១គ្រាប់ខាងលើនោះទៅអធិការដ្ឋានខណ្ឌឫស្សីកែវចុះតាមទ្វារក្រោយ ដោយមានការលាក់លៀមបិទបាំងពីអ្នកសារព័ត៌មាន មិនឲ្យថតឬក៏យកឈ្មោះអត្តសញ្ញាណប័ណ្ណឬក៏អង្គភាពមន្ត្រីប៉ូលិសនៅទីណានោះទេដោយនាំខ្លួនជនបង្កជិះម៉ូតូយ៉ាងលឿនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនបង្កដែលបាញ់បោះសេរីនោះ និងវត្ថុតាំងបានបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់