ព័ត៌មានជាតិ

Update៖ រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន SCC បុកពីក្រោយម៉ូតូAIR BLADE កិនស្ត្រីម្នាក់ស្លាប់យ៉ាងរន្ធត់

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ និងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ ជាភាគីខាងម៉ូតូស្លាប់ ក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​ លើវិថីផែ ត្រង់ចំណុចកែងរ៉ា (P4) ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ករណីនេះបង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍ ១គ្រឿងម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ អាន ឆេងអ៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បើកក្នុងទិសដៅពីកើតឆ្ពោះទៅលិច។ ចំណែករថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុន SCC ដែលមានទីតាំងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុកពីក្រោយម៉ូតូ១គ្រឿងម៉ាក AIR BLADE ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ទ្រុយ ឆាយលាង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ កំពុងជិះក្នុងទិសដៅស្របគ្នា បណ្តាលឲ្យឈ្មោះ ទ្រុយ ឆាយលាង អ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួននាំទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរង់ចាំដោះស្រាយតាមច្បាប់បន្តទៀត។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់