រដ្ឋាភិបាលជប៉ុនបានបង្ហាញថា ប្រជាជនវ័យចំណាស់នៅក្នុងប្រទេសជប៉ុនមានចំនួនច្រើនឡើងខ្លាំងជាប្រវត្តិសាស្រ្ត ហើយមានមនុស្សវ័យចំណាស់ចំនួនដ៏ច្រើននៅតែត្រូវធ្វើការងារ បើទោះជាហួសវ័យចូលនិវត្តន៍ហើយក៏ដោយ។
ក្នុងឱកាសទិវាគោរពមនុស្សចាស់ដែលជាថ្ងៃឈប់សម្រាករបស់ប្រទេសជប៉ុន ក្រសួងកិច្ចការផ្ទៃក្នុង និងការទំនាក់ទំនងរបស់ជប៉ុនបានផ្សព្វផ្សាយពីលទ្ធផលនៃការជំរឿនពាក់ព័ន្ធនឹងប្រជាជនវ័យចំណាស់ដែលបានរកឃើញថា ចំនួនមនុស្សដែលមានអាយុ 65ឆ្នាំ ឬច្រើនជាងហ្នឹងបានកើនឡើងច្រើនខ្លាំងជាប្រវត្តិសាស្រ្ត ដោយមានចំនួនកើនឡើងដល់ 35.57លាននាក់ ឬគិតជាភាគរយប្រមាណជា 28.1%នៃប្រជាជនទាំងអស់។ តួលេខនេះកើនឡើង 0.4%បើធៀបនឹងឆ្នាំមុន។ ក្រៅពីនេះចំនួនប្រជាជនដែលអាយុ 70ឆ្នាំ ឬច្រើនជាងនោះក៏មានចំណែកលើស 20ភាគរយជាលើកដំបូងដែរ។
ចំនួនមនុស្សវ័យចំណាស់ជាបុរសគឺ 15.45លាននាក់ និងមនុស្សវ័យចំណាស់ជាស្រ្តីគឺ 20.12លាននាក់ ដែលចំនួននេះក៏ជាលើកដំបូងដែរដែលមនុស្សចាស់ជាស្រ្តីមានចំនួនច្រើនលើស 20លាននាក់(គ្រាន់តែមនុស្សចាស់ស្រីជប៉ុនក៏មានចំនួនលើសចំនួនប្រជាជនទាំងអស់របស់កម្ពុជាដែរ)។ ស្ថិតិនេះបង្ហាញឱ្យឃើញថា ប្រជាជនច្រើនជាង 1ភាគ4 របស់ជប៉ុនគឺជាមនុស្សចាស់ និងចំណែកភាគរយរបស់មនុស្សចាស់ទាំងអស់កំពុងតែកើនឡើងជាបន្តបន្ទាប់ និងមានសញ្ញាថានឹងកើនឡើងខ្ពស់ជាង 35ភាគរយក្នុងឆ្នាំ2040។
រស់នៅរហូតចាស់ និងធ្វើការរហូតចាស់
លទ្ធផលនៃការធ្វើជំរឿននៅបានរកឃើញទៀតថា ចំនួនមនុស្សវ័យចំណាស់ដែលនៅតែធ្វើការងារនៅឡើយនៅក្នុងប្រទេសជប៉ុនក៏ខ្ពស់បំផុតក្នុងស្ថិតិច្រើនជាង 8លាននាក់ ដែលចំនួននេះបានកើនឡើងជាឆ្នាំទី14 ហើយ។
23ភាគរយនៃជនជាតិជប៉ុនដែលមានអាយុច្រើនជាង 65ឆ្នាំនៅតែធ្វើការងារនៅឡើយ ដែលចំនួននេះអាចរាប់បានថាខ្ពស់ខ្លាំងណាស់បើប្រៀបធៀបជាមួយនឹងជនជាតិអាមេរិកដែលធ្វើការរហូតលើសវ័យចូលនិវត្តន៍ដែលមានចំនួន18.6% ជនជាតិអង់គ្លេស 10% និងជនជាតិបារាំង 3%ប៉ុណ្ណោះដែលធ្វើការក្នុងវ័យជរា។
ការធ្វើការងារក្នុងវ័យជរាមានច្រើនមូលហេតុ មនុស្សចាស់ជនជាតិជប៉ុនចំនួនដ៏ច្រើនបានធ្វើការបន្ត ក្រោយពីចូលនិវត្តន៍ ព្រោះពួកគាត់គិតថា “នៅតែអាចធ្វើការបាន” មិនចង់នៅទំនេរ ត្រូវការមានគុណតម្លៃក្នុងសង្គម ដែលរឿងនេះក៏មានលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការមានចំណែករួមជាមួយសង្គម ធ្វើឱ្យមនុស្សចាស់មានសុខភាពកាយ និងសុខភាពចិត្តរឹងមាំ។
យ៉ាងណាក៏ដោយ ប្រព័ន្ធសុវត្ថិភាពសង្គមរបស់ជប៉ុនកំពុងស្ថិតក្នុងភាពប្រថុយប្រថានដែលត្រូវរែកពុនបន្ទុកការមើលថែទាំមនុស្សវ័យចំណាស់ដែលមានចំនួនដ៏ច្រើនមហាសាល រហូតមានការស្នើឱ្យពន្យាររយៈពេលចូលនិវត្តន៍អាយុរាជការពី 60ឆ្នាំទៅជា 65ឆ្នាំ និងឱ្យក្រុមហ៊ុនផ្សេងៗបើកឱកាសឱ្យបុគ្គលិកធ្វើការរហូតដល់អាយុ 70ឆ្នាំ។
ទោះជាមនុស្សចាស់ជនជាតិជប៉ុនមានគុណភាពជីវិតដែលល្អខ្លាំង បើប្រៀបធៀបនឹងប្រទេសដទៃទៀតជាច្រើនក៏ពិតមែន តែសង្គមដែលពោរពេញទៅដោយមនុស្សចាស់ និងគ្មាន “កម្លាំងមនុស្សជំនាន់ថ្មី” ពិតជាខ្វះនូវភាពក្លៀវក្លាស្វាហាប់ និងស្រស់បំព្រង ខ្វះថាមពលក្នុងការជំរុញការដំណើរការ ព្រោះមនុស្សជំនាន់មុនច្បាស់ជានឿយល្វើយ និងមានការផ្លាស់ប្ដូរយឺតយ៉ាវ ខណៈដែលមនុស្សវ័យកំលោះក្រមុំមានអារម្មណ៍ថា ត្រូវតែធ្វើការឱ្យខ្លាំងដើម្បីប្រមូលសន្សំប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពសង្គម៕
មតិយោបល់