តាកែវៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជីវករលក់ដូរនៅក្នុង វិទ្យាល័យសុខអានព្រៃសណ្តែក ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលបានណែនាំអំពីរបៀបជ្រើសរើសផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភាគ ដូចជា៖ ស្លាកសញ្ញា, ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេលប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល និងផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភាគ ម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម។ល។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលបានត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់ក្នុងសាលា និងបានណែនាំដល់អាជីករ អំពីអនាម័យ នៃការតាំងលក់ម្ហូបអាហារ ត្រួតពិនិត្យផលិតផលរបស់ខ្លួនជាប្រចាំ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ ជៀសវាងដាក់លក់ទំនិញដែលមានចម្លងមេរោគ ខូចគុណភាព ឬទំនិញក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្អូនៗ ដែលជាអ្នកបរិភោគ។
ជាលទ្ធផល៖ មន្ត្រីជំនាញបានដកហូតសាច់គោងៀតកញ្ចប់ ដែលហួសកាលបរិច្ឆេទបប្រើប្រាស់ចំនួន ២៤ កញ្ចប់ ។ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ បានចែកខិត្តប័ណ្ណអប់រំ ស្តីពី សុវត្ថិភាពចំណីអាហារ ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជីវករ ផងដែរ៕
មតិយោបល់