ព័ត៌មានជាតិ

ហាយទ្បែនឌ័រ ស្លាកលេខភ្នំពេញ​ 2AL-3981 បុកគ្នាជាមួយ TOYOTA HILLIX VIGO​ ស្លាកលេខភ្នំពេញ​ 2AA-0608 ផ្អើលទាំងយប់..

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងរថយន្ត បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង២គ្រឿង​ រួមទាំងរបងផ្ទះប្រជាពលរដ្ឋ​ នៅវេលាម៉ោង៩​និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៨​នេះ នៅតាមបណ្ដោយផ្លូវលេខ​ ១៩៣​ កែងផ្លូវលេខ៣២៨​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា​ នៅពេលកើតហេតុ គេឃើញរថយន្តម៉ាក​ Highlander ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AL-3981​ បើកបរដោយបុរសម្នាក់ ជាជនជាតិចិន​ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៣​ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ និងមួយគ្រឿងទៀតម៉ាក​ TOYOTA HILLIX VIGO​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AA-0608 បើកបរដោយបុរសម្នាក់ ជាជនជាតិខ្មែរ​ ធ្វើដំណើរ តាមបណ្ដោយផ្លូវ៣២៨​ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា​ លុះមកដល់ចំណុចកើតហេតុ រថយន្តទាំងពីរ ក៏បានបុកគ្នាចំប្រឆិតគ្នាពីមុខពេញទំហឹង​ បណ្ដាលឲ្យរថយន្ត Highlander វិលមួយជុំ​ រងការខូចខាតយ៉ាងដំណំ​ ចំណែករថយន្ត HILLIX VIGO​ បានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋបន្ថែមទៀត​ បណ្ដាលឲ្យរបងផ្ទះ​ និងរថយន្តរងកាខូចខាតយ៉ាងំណំផងដែរ​ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ​។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់