ភ្នំពេញៈ ក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូត្រូវបានរថយន្តអូឌី បើកបរដោយជនជាតិចិន ឆ្លងផ្លូវទៅបុកពេញទំហឹង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវវេងស្រេង ទល់មុខនិងបុរីលឹមឈៀងហាក់ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-7593 បើកបរដោយបុរសជនជាតិចិន ។ ចំណែកជនរងគ្រោះ ជាក្មេងប្រុសសិស្សសាលា ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GL-8990 ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូចេញពីសាលារៀន វិលត្រឡប់ទៅផ្ទះ តាមបណ្តោយផ្លូវវេងស្រេង ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ជនជាតិចិនជាអ្នកបើក ឆ្លងផ្លូវពីជើងទៅត្បូង ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងស្តាំរងរបួសសន្លប់ស្តូកតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានឡានគ្លីនិកឯកជន រស្មី ដឹកយកទៅព្យាបាល ចំណែកម៉ូតូនិងរថយន្ត សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុករួមទាំងឃាត់ខ្លួនអ្នកបើកបរផង ដើម្បីរង់ចាំម្ចាស់រថយន្តដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់