ភ្នំពេញៈ ផ្អើលរត់ជាន់ជើងគ្នាពេញហាងស៊ុបមួយកន្លែង បន្ទាប់ពីស្ត្រីជាប្រពន្ធ និងប្ដីដែលជាជនជាតិចិន និងកូន២នាក់ និងស្ត្រីម្នាក់ទៀត សរុបទាំងអស់៥នាក់ ចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសដែលគេអះអាងថាជាប្ដីដើម បានជិះម៉ូតូមករត់ចុះធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសផងដែរ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍ដ៏រន្ធត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្ទះលេខ៧៩៣ (ហាង Family BBQ Buffet) ផ្លូវ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមមន្ត្រីអាវុធហត្ថខណ្ឌចំការមន បានឲ្យដឹងមុននេះថា បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហើយ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។
បើតាមលោក ហៀង ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានប្រាប់Post Newsថា បុរសដៃដល់ដែលធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ បណ្ដាលឲ្យស្លាប់ខាងលើនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណីអ្វីនោះទេ ព្រោះកម្លាំងលោកកំពុងធ្វើការស្រាវជ្រាមួយជំហ៊ានសិន។
បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ)និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀតជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយហើយក៏នាំគ្នាហៅស៊ុបញ៉ាំជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជើញពិសារអ្វីដែរ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ ចាក់ទៅលើជនជាតិចិននោះ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមពេញហាង។ ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ ចាក់ជាច្រើនកាំបិត បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ ។ ក្រោយពីធ្វើសកម្មភាពចាក់ទៅលើមនុស្ស៣នាក់ខាងលើបណ្ដាលឲ្យរងរបួសធ្ងន់ហើយ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះមានភ្ញៀវនិងបុគ្គលិកក្នុងហាង បានរត់ចេញមកជួយចាប់ដែរ តែដោយសារតែឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ ទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់និងចាប់ឡើយ ទើបធ្វើឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។
បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជនទំនើប។ ចំណែកឯបុរសជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងអាវុធហត្ថខណ្ឌចំការមន និងកម្លាំងនគរបាលខណ្ឌចំការមន ចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតតាមជំនាញរៀងៗខ្លួន៕








មតិយោបល់