ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការចូលរួមពី កងវរៈសេនាតូចលេខ ២ បានបន្តត្រួតពិនិត្យទំនិញនាំចូល សាច់ បន្លែ ផ្លែឈើ និងផលិតផលទំនិញផ្សេងៗទៀត តាមច្រកព្រំដែនកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានដកយកគំរូ សាច់ បន្លែ ផ្លែឈើ និងផលិតផលទំនិញផ្សេងៗ ចំនួន ៣៣ គំរូ មកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញសារធាតុគីមីហាមឃាត់ និងទំនិញខុសច្បាប់ មួយចំនួនដូចជា៖
– នំស្នូលសណ្តែកបន្ទះ ចំនួន ៣ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax)។
– ពងមាន់ ចំនួន ៩០០ គ្រាប់ និងសាច់មាន់ ចំនួន ២០ គីឡូក្រាម ដែលច្បាប់ហាមឃាត់
ហើយមន្ត្រីជំនាញបានធ្វើការដកហូត និងយកមកកម្ទេចចោលភ្លាមៗផងដែរ។
បន្ទាប់មកមន្ត្រីជំនាញក៏បានពន្យល់ណែនាំដល់អាជីវករទាំងអស់ឲ្យប្រយ័ត្នចំពោះការនាំទំនិញមកលក់ត្រូវសួររកប្រភពច្បាស់លាស់ចៀសវាងពេលមានហានិភ័យកើតឡើងដល់សុខភាពរបស់អ្នកទទួលទាន៕
មតិយោបល់