ព័ត៌មានជាតិ

មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យសារធាតុគីមីហាមឃាត់ លើម្ហូបអាហារ និងទំនិញ ក្នុងកម្មវិធីពិព័រណ៌ នៅទីរួមខេត្ត

មណ្ឌលគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដោយមានការចូលរួមសហការជាមួយ មន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ផ្នែកម្ហូបអាហារ ចុះធ្វើការត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញ ក្នុងកម្មវិធីពិព័រណ៌ ក្នុងទីរួមខេត្តមណ្ឌលគិរី។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ ការដាក់តាំងលក់ ផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូមួយចំនួន មកធ្វើតេស្តបឋម រួមមាន៖ ប្រហិតគ្រប់មុខ គ្រឿងសមុទ្រ សរសៃគុយទាវ មីគីឡូ មីសួរ។

ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងគំរូម្ហូបអាហារទាំងនោះទេ។ ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់