ព័ត៌មានជាតិ

​ទឹកក្រូចម៉ាក​IZE និងតែបៃតង ខូចគុណភាព ត្រូវបានមន្ត្រី​កាំកុងត្រូល​រកឃើញ នៅផ្សារប្រសូ្រត!

​ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ ចំនួន ០៨ តូប នៅផ្សារប្រសូ្រត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយមន្ត្រីជំនាញបានដកហូតយកគំរូ មួយចំនួន មកធ្វើតេស្តបឋមមានដូចជា៖ បង្អែម ត្រីងៀត ជ្រក់ និងទំនិញវេចខ្ចប់ស្រាប់ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ ការដាក់តាំងលក់ ផលិតផលទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងមានផ្ទុកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

​ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ ភេសជ្ជៈ ខូចគុណភាព ចំនួន ៣៦ ដប រួមមាន៖ ទឹកក្រូចម៉ាក (IZE) ចំនួន ២៤ ដប និងតែបៃតង ចំនួន ១២ដប បន្ទាប់មក មន្ត្រីជំនាញបានកំណត់ហេតុដកហូត និងយកមកកម្ទេចចោលភ្លាមៗផលដែរ។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់