ភ្នំពេញៈ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទចំនួន៣នាក់ដូចតទៅ ៖
-ទី១ ឈ្មោះ គួយ ស្រីល័ក្ខ ភេទស្រី អាយុ៣២ឆ្នាំ (ជាទណ្ឌិតកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ PJ ក្នុងសំណុំរឿងគ្រឿងញៀនរយៈពេល៥ឆ្នាំ) និងទី២ឈ្មោះ ប៉ុន សំនៀង (កំពុងរត់គេចខ្លួន) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ យោធា ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២៨ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦០លានរៀលចូលថវិការដ្ឋ និងសម្រេចចេញដីកាតាមចាប់ខ្លួនឈ្មោះ ប៉ុន សំនៀង មកផ្តន្ទាទោសតាមអំណាចសាលក្រមនេះ។
-ទី៣ឈ្មោះ ប៊ុន សោភ័ណ្ឌ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរស្ត្រីខារ៉ាអូខេ ដោយសារជាអនីតិជន តុលាការបានផ្តល់ស្ថានសម្រាល ដោយសម្រេច ដាក់ពន្ធនាគារកំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០លានរៀលចូលជាថវិការដ្ឋ។
ក្រោមបទចោទប្រកាន់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំននួ៣៨៤.៦៤ក្រាម ដែលមានកម្រិតធាតុសុទ្ធចំនួន ៣០០.៦២ក្រាម នៃគ្រឿងញៀនសរុបប្រព្រឹត្តនៅម្តុំភ្លើងស្តុបផ្លូវ២៧១ កែងនឹងផ្លូវ៣៨២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទឈ្មោះ ប៊ុន សោភ័ណ្ឌ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ប៉ុន្តែខ្លួនមិនជាអ្នកធ្វើដោយផ្ទាល់នោះទេ គ្រាន់តែជាមួយឈ្មោះ ប៉ុន សំនៀង ជាសង្សារជាអ្នកស្គាល់ឈ្មោះ គួយ ស្រីល័ក្ខ ដែលជាមេជួញដូរគ្រឿងញៀនដែលកំពុងជាប់ឃុំនៅគុកPJ។ ជនជាប់ចោទបន្តថា នៅអំឡុងពេលមុនថ្ងៃចាប់ខ្លួននាង និងសង្សារឈ្មោះ ប៉ុន សំនៀង បានទៅជួបឈ្មោះ ស្រីល័ក្ខ នៅក្នុងគុកPJ ហើយស្រីល័ក្ខបាន ប្រាប់ឲ្យឈ្មោះ សំនៀង ទៅយកគ្រឿងញៀនពីជនជាតិស្បែកខ្មៅម្នាក់ ដើម្បីយកទៅឲ្យប្អូនថ្លៃរបស់ស្រីល័ក្ខ នៅម្តុំភ្លើងស្តុបផ្លូវ២៧១ កែងនឹងផ្លូវ៣៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ លុះដល់ថ្ងៃកើតហេតុក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
នៅក្នុងសវនាការកាលពីគ្រាកន្លងទៅនោះជនជាប់ចោទឈ្មោះ គួយ ស្រីល័ក្ខ បានឆ្លើយបដិសេធថា ខ្លួនមិនដឹងរឿងអ្វីទាំងអស់៕
មតិយោបល់