ព័ត៌មានជាតិ

ធ្វើអីមិនឈ្នះសត្វ! អ្នកម៉ៅចំការស្វាយម្នាក់ខឹងសត្វគោ​ពូកែចូលក្នុងចំការ ទ្រាំមិនបាន​លបកាប់ ត្រូវប៉ូលិសឃាត់ខ្លួន!

កំពង់ស្ពឺ:​ រឿងមនុស្សនិងសត្វ​ មិននឹកស្មាន​ដល់ទាល់តែសោះ​ដោយទ្រាំមិនបាន​ បុរសវ័យចំ​ណាស់ម្នាក់មានឈ្មោះ​ វ៉ាន់ អឿន ភេទប្រុស​ អា​យុ​៥៩​ឆ្នាំ​ មុខរបរអ្នកម៉ៅចម្ការស្វាយនៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ មានស្រុកកំ​ណើត​នៅ​ភូមិព្រៃតាម៉ោ ឃុំព្រែកអន្ទះ​ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង​ កាលពីថៃ្ង​ទី២៨​ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​​ វេ​លាម៉ោង​៦ល្ងាច បានលបកាប់សត្វគោឈ្មោ​លចំនួន​២ក្បាលរបស់ឈ្មោះ សាត សឿន ភេទប្រុស អាយុ​៥៥ឆ្នាំ នៅភូមិស្រល់ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​។

មូលហេតុ​ ដោយសារខឹងសម្បារនិងសត្វគោ​ចេះតែចូលក្នុងចម្ការស៊ីផ្លែស្វាយ​និង​បំផ្លាញ​ផល​ដំណាំផ្សេងៗទៀត​ ដោយម្ចាស់គោមិនចងមើល​ថែគ្រប់គ្រងឲ្យបានត្រឹមត្រូវ​។

ករណី​ខាង​លើ​ត្រូវ​បាន​ម្ចាស់​​គោមិនសុខ​ចិត្ដ​ប្ដឹងឲ្យសមត្ថកិ​ច្ច​ជួយធ្វើការអន្ដរាគមន៍​ និងឃាត់ខ្លួនជ​នបង្កប្រើហិង្សា​ទៅ​លើសត្វ​គោទាំង២ក្បាល​«​គោឈ្មោលសម្បុរស ក្រយ៉ៅនំទេព​ របួសជើង​ស្តាំខាងមុខដាច់ស្បែ​ក​ដ​ល់ឆ្អឹង​ គោឈ្មោលមួយក្បាល​ទៀត​សម្បុរសក្រយ៉ៅនំទេព របួសចំជើងក្រោយខាងឆ្វេងដាច់សសៃរកែង» ជនសង្ស័យ​ក្រោយប្រព្រឹត្ដបទល្មើស​ រួចបាន​រត់គេចខ្លួនបាត់។​ រំលងបានមួយយប់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ​ វ៉ាន់ អឿន នៅក្នុង​ចម្ការ​ស្វាយ​ បញ្ជូនមកជំនាញខេត្ដ​ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់