ព័ត៌មានជាតិ

អុញនោះ! រកឃើញបបែលក្រៀម ម្ទេសដៃនាង មើមខ្ទឹមស ខ្ទឹមក្រហម និងស្លឹកខ្ទឹម មានផ្ទុកសារធាតុគីមីបូរ៉ាក់ និងសំណល់គីមីកសិកម្ម

ក្រចេះ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនៅក្នុងផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូផលិតផលម្ហូបអាហារមកធ្វើតេស្តបឋមមួយចំនួនរួមមាន៖ បន្លែគ្រប់មុខ សាច់ត្រី បបែលក្រៀម និងគ្រឿងសមុទ្រ។ល។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញភាពមិនប្រក្រតីនៅលើគំរូមានដូចជា៖
-បបែលក្រៀមចំនួន ០,៥ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់
-ម្ទេសដៃនាង មើមខ្ទឹមស ខ្ទឹមក្រហម និងស្លឹកខ្ទឹម ដែលមានផ្ទុកសារធាតុសំណល់គីមីកសិកម្ម
បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត និងយកមកកម្ទេចចោលភ្លាមៗផងដែរ។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់