ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តបង្កបានបើករត់គេចរហូត ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដេញចាប់ឃាត់បាននៅមុខសាលាសង្កាត់ដង្កោ កាលពីវេលាម៉ោង១១យប់ ថ្ងៃ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត TOYOTA PRIUS ២គ្រឿង ពណ៌សដូចគ្នា ដោយរថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 2AB 2880 បើកបរដោយនារីម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ប្រដេញតាមរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2AS-6205 បើកបរដោយបុរស និងរួមដំណើរប្រុសស្រី៦នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកពីក្រោយចំពេញទំហឹង បណ្ដាលឲ្យរថយន្ត PRIUS មានប្រុសមានស្រីនោះក៏រេចង្កូតឡើងទៅលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បាក់រាបដល់ដី ធ្វើឲ្យឆ្លងចរន្តភ្លើងប៉ះឆក់ផងដែរ និងរងរបួសស្រាលស្ត្រីម្នាក់ ចំណែកនារីដែលស្រវឹងស្រាបើករថយន្តបង្កនោះ មិនព្រមឈប់ទេ នៅតែបន្តបើកទៅមុខទៀត បំណងបើករត់គេចរហូតដល់មុខសាលាសង្កាត់ដង្កោ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាជួយដេញចាប់ឃាត់បាន តែរូបនាងមិនព្រមចុះពីលើរថយន្តទេ។
សមត្ថកិច្ចថា នារីដែលជាអ្នកបើកបរបង្កស្រវឹងស្រាជោក ក្រោយពីបង្កហេតុរួច ប៉ូលិសបានហៅទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលដង្កោ។ ចំណែករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា និងសងការខូចខាតទ្រព្យសម្បតិ្តសាធារណៈ របស់រដ្ឋតាមផ្លូវច្បាប់។ដោយឡែកនៅមុនពេលនគរបាលយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញគេឃើញមានមន្ត្រីនគរបាល១រូបដែលគេស្គាល់ថាគាត់ធ្វើការនៅទឹកដីខណ្ឌទួលគោកបានហៅទូរសព្ទខ្វែងខ្វាត់ឆ្លេឆ្លាដើរទៅមកសង្ស័យកំពុងចូលខ្លួនអន្តរាគមន៍ក្នុងរឿងខាងលើ៕
មតិយោបល់